(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រកាសនឹងយកនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីទៅកែព័ត៌មានអត្តសញ្ញាណបណ្ណ ក្នុងបញ្ជីឈ្មោះបោះឆ្នោតឳ្យបានត្រឹមត្រូវ ដើម្បីកុំឳ្យបាត់សិទ្ធក្នុងការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ថ្ងៃទី២០ ខែតុលានេះ គឺជាថ្ងៃចាប់ផ្ដើមចុះឈ្មោះបោះឆ្នោត ខ្ញុំក៏ទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីដែរ មូលហេតុអីដែលត្រូវចុះឈ្មោះ? កាលពីមុននៅក្នុងអត្តសញ្ញាណប័ណ្ណរបស់យើង គឺថ្ងៃខែកំណើត ០៤ មេសា ១៩៥១ ឥឡូវក្នុងអត្តសញ្ញាណប័ណ្ណរបស់យើង ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ចឹងបើយើងមិនទៅចុះឈ្មោះបោះឆ្នោតឡើងវិញ គឺវាខុស រឿងហ្នឹងគឺយើងបាត់សិទ្ធបោះឆ្នោត ហើយពេលនឹងក៏ពិបាក»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចនឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅសាលាវិក្រឹត្យការខេត្តកណ្ដាល និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត និងយុវជនដែលដល់អាយុត្រូបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឳ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទាក់ទងនឹងរឿង​បញ្ជារឳ្យអភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ដោះស្រាយឳ្យបានចប់នៅបញ្ហានៅតំបន់មួយ ដោយគ្រាន់តែកែសម្រួលព្រំប្រទល់រដ្ឋបាល។ សម្តេចបានបញ្ជាក់ថា ភូមិនោះជាភូមិដែលប្រជាពលរដ្ឋធ្វើសមាហរណ៍កម្ម ដែលមានប្រជាពលរដ្ឋមួយចំនួនបានបោះឆ្នោតនៅខេត្តប៉ៃលិន និងមួយចំនួនទៀតបោះឆ្នោតនោះខេត្តបាត់ដំបង ដោយសម្តេចតេជោ បានបង្ហាញជំហរចង់ឳ្យខេត្តបាត់ដំបងកាត់ដីទាំងនោះឳ្យទៅខេត្តប៉ៃលិន ដើម្បីឳ្យប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតអាចផ្ទេរទៅចុះឈ្មោះ​នៅទីតាំងដែលនៅជិតពួកគាត់។

ពាក់ព័ន្ធនឹងករណីនេះដែរ សម្តេចតេជោ ហ៊ុន សែន បានទុកពេលឳ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដោះស្រាយឳ្យបានរួចរាល់ក្នុងរយៈពេល២សប្តាហ៍ បើដោះស្រាយមិនបាននោះទេ សម្តេចនឹងចុះទៅដោះស្រាយបញ្ហានេះដោយផ្ទាល់តែម្តង។

ពាក់ព័ន្ធនឹងរឿងចុះឈ្មោះបោះឆ្នោតវិញ ដែលមកដល់ពេលនេះ គ.ជ.ប បានប្រកាសជាបន្តបន្តាប់រួចហើយពីការចុះឈ្មោះបោះឆ្នោតនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «​ខ្ញុំក៏ជាពលរដ្ឋ​ម្នាក់ដែរ ខ្ញុំក៏ទៅចុះឈ្មោះបោះឆ្នោតឡើងវិញដែរ ឫកែរសម្រួលធ្វើមិចឳ្យត្រូវ បើមិនដូចនេះទេពេលថ្ងៃយើងទៅបោះឆ្នោត ស្រាប់តែអត្តសញ្ញាណប័ណ្ណផ្សេង ថ្ងៃខែផ្សេង គល់បញ្ជីរផ្សេង ចឹងយើងបាត់សិទ្ធបោះឆ្នោតតែម្តង»។

សូមជម្រាបដែរថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ផងដែរ៕