(មណ្ឌលគិរី)៖ សត្វព្រៃធំៗដូចជា សត្វខ្ទីង សត្វទន្សោងឈ្មោលញី ជាប្រភេទសត្វជិតផុតពូជ និងសត្វកម្រ ត្រូវបានអ្នកប្រមាញ់បាញ់ប្រហារសម្លាប់ នៅស្រុកកោះញែក ក្នុងព្រៃហាមឃាត់យ៉ាងរង្គាល ទង្វើរខុសច្បាប់ដ៍ធ្ងន់ធ្ងរនេះ ត្រូវបានមហាជនដាក់ការសង្ស័យថា មកពីអសមត្ថភាពរបស់អាជ្ញាធរ ស្រុកកោះញែក និងមេព្រៃនៅទីនោះ។

តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចនៅស្រុកកោះញែកឲ្យដឹងថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ សហការជាមួយកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងស្នងការនគរបាលខេត្ត និងកម្លាំងអធិការស្រុកកោះញែក បានចុះឆែកផ្ទះឈ្មោះ អ៊ុន សាវុធ ភេទប្រុស អាយុ៥៩ឆ្នាំ ទីលំនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរកឃើញស្នែងខ្ទីង២ និងស្នែងទន្សោង៣ក្បាល ហើយធ្វើការប្រគល់ទៅឲ្យលោក ឈួន សេរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែក។

បើតាមការខ្សឹបខ្សៀវគ្នាពីមន្រ្តីប្រាប់ឲ្យដឹងថា ខាងមេព្រៃនៅស្រុកកោះញែកលោក ឈួន សេរីវឌ្ឍន៍ អាចធ្វើការដោះលែង ជនសង្ស័យឈ្មោះ អ៊ុន សាវុធ ម្ចាស់ស្នែងខ្ទីង និងស្នែងទន្សោង ក្រោមរូបភាពផាកពិន័យតាមផ្លូវច្បាប់ តែគេមិនទាន់ដឹងច្បាស់ថា ការផាកពិន័យនៃករណីនេះ បានបញ្ជូនវត្ថុតាង និងជនសង្ស័យមកដល់ ដៃអយ្យការ ឬយ៉ាងណានោះឡើយ។

យ៉ាងណាមិញទូរស័ព្ទរបស់ លោក ឈួន សេរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែក ក្រុមអ្នកព័ត៌មានមិនអាចទំនាក់ទំនងបានទេ។

លោក មូល ផាត ប្រធានគម្រោងអភិរក្សទេសភាពភាគខាងកើត បានសំណូមពរដល់អាជ្ញាធរខេត្ត អង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាជួយរួមគ្នាទប់ស្កាត់បទល្មើសជួញដូរសត្វព្រៃ និងរឹតបណ្តឹងរាល់ការបរបាញ់ សត្វព្រៃគ្រប់ប្រភេទ នៅតំបន់ខេត្តនេះ ឲ្យបានគង់វង្ស ដើម្បីរក្សានៅធនធានធម្មជាតិ សត្វព្រៃនៅភាគខាងកើត ប្រទេសកម្ពុជា ជាពិសេសខេត្តមណ្ឌលគិរីនេះ ព្រោះសព្វថ្ងៃនេះប្រទេស លើសកលលោក គេកំពុងចាប់អារម្មណ៍ ចំពោះធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់ ខេត្តមណ្ឌលគិរីនេះតែម្តង។

លោកក៏បានស្នើរឲ្យមន្រ្តីអនុវត្តច្បាប់ មេត្តាដាក់ទោសទ័ណ្ឌចំពោះមេឈ្មួញ និង អ្នកប្រព្រឹត្តឲ្យបានធ្ងន់ធ្ងរបំផុត។

ដែលឡែក លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ថា ករណីនេះលោកពិតជា បានទទួលព័ត៌មាននេះ ប៉ុន្តែលោកស្នើរឲ្យមន្រ្តីអនុវត្តច្បាប់ មេត្តាធ្វើការពិនិត្យលើករណីមួយនេះ ឲ្យបានច្បាស់លាស់បំផុតមុន និងចាត់វិធានការណ៍៕