(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហាញអំពីកាលបរិច្ឆេទនៃការធ្វើដំណើររបស់សម្ដេច ទៅកាន់ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ខាងមុខ ដើម្បីឲ្យក្រុមពូជក្បត់ជាតិ និងអ្នកគាំទ្ររបស់គេបានដឹងជាមុន។

ក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការប្រាប់កាលបរិច្ឆេទ និងគម្រោងជាមុននេះ គឺដើម្បីឲ្យក្រុមក្បត់ជាតិទាំងនោះ ត្រៀមខ្លួនដើម្បីមកតវ៉ាប្រឆាំងដំណើររបស់សម្ដេច ឬមានអ្នកខ្លះចង់ឲ្យមានការចាប់ខ្លួនសម្ដេចនៅទីនោះតែម្ដង។

ប៉ុន្ដែការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ ត្រូវបានគេមើលឃើញថា សម្ដេចទំនងចង់ឌឺដងដល់ក្រុមអ្នកគាំទ្រ ទណ្ឌិត សម រង្ស៉ី ដែលសម្ដេចហៅថា ពូជក្បត់ជាតិ៣ជំនាន់ ដែលតែងប្រកាសចង់ធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេសម្ដងៗ។

សម្ដេចតេជោ ហ៊ុន សែ ន បានមានប្រសាសន៍បែបនេះថា «អាមួយនៅស្រុកបារាំង ហែងត្រៀមទៅអញទៅ ហើយអញប្រាប់ម៉ោងហែងទៀតអញចេញពីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ។ អញទៅដល់ព្រុចសែលអញធ្វើអី ទៅជួបធុរកិច្ចកម្ពុជា និងអឺរ៉ុប ជួបជាមួយជនជាតិខ្មែរ រួចហើយប្រជុំអាស៊ានអឺរ៉ុប អញ្ចឹងហែងចាំចាប់ទៅមិនបាច់អញអស់អភ័យឯកសិទ្ធិអីទេ»

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់អំពីសកម្មភាពមួយចំនួនពេលធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែលផងដែរ ដោយក្នុងនោះរួមមាន ការជួបជាមួយធុរកិច្ចកម្ពុជា និងអឺរ៉ុប, ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស និងចូលរួមក្នុងកិច្ចប្រជុំអាស៊ានអឺរ៉ុប ក្នុងឋានៈជាសហប្រធានផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បង្ហាញនូវក្ដីជឿជាក់ថា ប្រជាពលរដ្ឋខ្មែរ នឹងមិនបាញ់បោកក្រុមពូជក្បត់ជាតិ៣ជំនាន់នេះនោះទេ ព្រោះប្រជាពលរដ្ឋស្គាល់ច្បាស់គ្រប់ជំនាន់មកហើយ ពោលតាំងពីឪពុករបស់ទណ្ឌិត សម រង្ស៉ី ដែលក្បត់នឹងព្រះមហាក្សត្រ ហើយស្លាប់យ៉ាងតៃហោង ខណៈទណ្ឌិតក្បត់ជាតិរូបនេះ ក៏ធ្លាប់ប្រើនូវវោហាស័ព្ទជេរប្រមាណដល់អង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ដ្រខ្មែរពេញមួយនគរថែមទៀតផង។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏កាន់តែមិនអស់ចិត្តចំពោះក្រុមក្បត់ជាតិទាំងនោះ ដែលមិនត្រឹមតែជេរប្រមាថសម្ដេចនោះទេ ពោលថែមទាំងជេរប្រមាថត្រកូល «ហ៊ុន» ទាំងមូលតែម្ដង។ ចំណុចនេះសម្ដេចនៅតែអះអាងថា ប្រសិនបើក្រុមទាំងនោះចង់លេងបែបនេះ សម្ដេចក៏ស្វាគមន៍នឹងកំដរលេងបានគ្រប់ពេល។

គួរជម្រាបថា គ្រប់ពេលនៅពេលដឹងអំពីកាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់ធ្វើដំណើរទៅក្រៅប្រទេសម្ដងៗ ក្រុមអ្នកប្រឆាំងមួយក្ដាប់តូចទាំងនោះ តែងតែបង្កព្យុះភ្លៀង នៅលើបណ្ដាញសង្គម Facebook ដើម្បីឲ្យមានចលនាបាតុកម្មប្រឆាំងតវ៉ាជាមួយដំណើរទស្សកិច្ចរបស់សម្ដេច ប៉ុន្ដែសកម្មភាពនោះតែងតែបរាជ័យ ដោយសារមិនមានអ្នកគាំទ្ររបស់ពួកគេចូលរួមនោះឡើយ៕