(ស្ទឹងត្រែង)៖ អាវរងាជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅចែកជូនកម្លាំងអាវុធហត្ថខេត្ដស្ទឹងត្រែង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា អាវរងារបស់សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ត្រូវបាននាំមកចែកជូនកម្លាំងអាវុធហត្ថនាពេលនេះមានជាង១០០អាវ ហើយការចែកជូនជារៀងរាល់ឆ្នាំ សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ដល់កម្លាំងអាវុធហត្ថ។ លើសពីនេះទៀតសម្តេចទាំងពីរ តែងតែគិតគូរពីជីវភាពរស់នៅរបស់គ្រួសារ ប្រពន្ធកូនកម្លាំងយើងផងដែរ។

សូមជម្រាបថា សម្រាប់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្គត់ផ្គង់រាល់តម្រូវការរបស់កងកម្លាំងមិនដែលឲ្យខ្វះនោះឡើយទាំងសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគរួមទាំងអាវរងា អាវភ្លៀងទៅតាមរដូវ។

ជំនួសមុខឲ្យកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងទាំងអស់ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានថ្លែងអំណរគុណសម្តេចទាំងពីរយ៉ាងជ្រាលជ្រៅបំផុតទឹកចិត្តសប្បុរសធ៌មរបស់ប្រមុខរាជរដ្ឋាភិបាល ដោយសន្យាថាកម្លាំងអាវុធហត្ថត្រូវ អនុវត្តឲ្យបានជាដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់៕