(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះនឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ។
ថ្លែងនៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតលើកទី២៧ នៃគណៈមេធាវីកម្ពុជា លោក កើត រិទ្ធ បានលើកឡើងថា មេធាវីគ្រប់រូបសូមបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមអនុវត្តនូវកាតព្វកិច្ចតាមផ្លូវច្បាប់ផង និងជាការចូលរួមចំណែកជួយដល់ការងារសង្គម ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលផង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលខ្វះលទ្ធភាព។
លោកបន្តយ៉ាងដូច្នេះថា «ជាក់ស្ដែង មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះនឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ ទាំងពីសំណាក់ប្រជាពលរដ្ឋក្រីក្រ ទាំងពីប្រជាជនទូទៅ ហើយដែលនេះគឺជាកក្តាដ៏សំខាន់ក្នុងការពង្រឹងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី»។
ក្នុងឱកាសនោះដែរ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានថ្លែងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី២ នៃអាណត្តិទី១ របស់លោកក្នុងការដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាឆ្នាំទី២ ដែលលោកបានបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការអនុវត្តគោលនយោបាយ និងបេសកកម្មដែលបានដាក់ចេញសម្រាប់ដឹកនាំគណៈមេធាវី ដោយបានលះបង់ពេលវេលានិងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញការងារ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗ និងដើម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌មេធាវី ជាពិសេសធានាឱ្យបាននូវផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់តួនាទីមេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ៕