(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់រង្វាន់ដល់ទូកដែលទទួលបានជ័យលាភី ដែលបានប្រណាំងរយៈពេលពីថ្ងៃនៅព្រែតាតាំចុងប៉ម ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងពិធីប្រគល់ពានរង្វាន់នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នោះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថា ពិធីប្រណាំងទូកងនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ ដោយមានទូកប្រណាំងចូលរួមចំនួន៤១ទូក (ទូកខ្នាតអន្តរជាតិចំនួន៣០ទូក និងទូកខ្នាតវែងចំនួន១១ទូក) ក្នុងនោះទូកក្នុងខេត្តចំនួន៣៩ទូក ទូកមកពីខេត្តកណ្តាលចំនួន១ទូក និងមកពីរាជធានីភ្នំពេញចំនួន១ទូក មានចំណុះទូកសរុបចំនួន១,៧៩៣នាក់ (ចំណុះពិត១,៤៤៨នាក់ និងចំណុះត្រៀម៣៤៥នាក់)។ ជាក់ស្ដែងនៅថ្ងៃទី១មានប្រជាពលរដ្ឋបានមកចូលរួមទស្សនា និងលេងកម្សាន្តនៃពិធីប្រណាំងទូកងខេត្តព្រៃវែង និងស្តង់ពិព័រណ៍ផលិតផលក្នុងស្រុកប្រមាណ២៥,០០០នាក់ និងនៅព្រឹកថ្ងៃទី២មានប្រជាពលរដ្ឋចូលរួមប្រហាក់ប្រហែលថ្ងៃនៅទី១ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មានក្នុងពិធីប្រណាំងទូកងថ្នាក់ខេត្តកន្លងៗមកនេះបង្ហាញអំពីការគាំទ្រ និងការជឿជាក់របស់ប្រជាពលរដ្ឋមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ថ្នាក់។
សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការរៀបចំពិធីប្រណាំងទូកងដែលប្រព្រឹត្តទៅដោយរលូនរយៈពេល២ថ្ងៃនេះ ដែលបានបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋខេត្តព្រៃវែងនៅក្នុងឱកាសប្រណាំងទូកងថ្នាក់ខេត្ត។
សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងបន្ថែមទៀតថា ទាំងនេះគឺការចេញពីប្រទេសមានសុខសន្តិភាពមានស្ថិរភាពនយោបាយត្រឹមត្រូវ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យប្រជាពលរដ្ឋមានឱកាសក្នុងការប្រារព្ធពិធីផ្សេងៗ មានឱកាសក្នុងការធ្វើដំណើរទៅទីរមណីយដ្ឋាននានាប្រកបមុខរបរដោយសុវត្ថិភាព និងភាពកក់ក្តៅ។
សម្តេមក្រឡាហោមបានបន្តថា បន្ថែមពីលើកិច្ចការរក្សាស្ថានភាពស្ថិរភាពនយោបាយ សន្តិសុខ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងពង្រឹងខឿនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំថែមទៀតនោះ រាជរដ្ឋាភិបាលបាននិងកំពុងតែដាក់ចេញនូវវិធានការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស សំដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាននូវទីតាំងល្បែងភ្នាល់គ្រប់ប្រភេទ ដែលជាដើមចមនាំឱ្យវិនាសហិនហោចទ្រព្យសម្បត្តិអំពើចោរកម្ម អសន្តិសុខ រួមទាំងអំពើហិង្សាក្នុងគ្រួសារ។ ជាមួយគ្នានេះអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីអនុវត្តច្បាប់ត្រូវតែអនុវត្តឱ្យបានតាមបទបញ្ជារបស់សម្ដេចតេជោ ធ្វើយ៉ាងណាបង្ក្រាបឱ្យមានប្រសិទ្ធភាពនូវទីតាំងល្បែងភ្នាល់គ្រប់ប្រភេទនៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ថា ជាលទ្ធផលនៃការប្រណាំងទូកងខេត្តព្រៃវែង ឆ្នាំ២០២២នេះ ទូកទទួលបានចំណាត់ រួមមាន៖
* ចំណាត់ថ្នាក់លេខ១៖ មានចំនួន៨ទូក (ទូកខ្នាតអន្តរជាតិ៥ទូក និងទូកខ្នាតវែង៣ទូក)
* ចំណាត់ថ្នាក់លេខ២៖ មានចំនួន១៥ទូក (ទូកខ្នាតអន្តរជាតិ១៣ទូក និងទូកខ្នាតវែង២ទូក)
* ចំណាត់ថ្នាក់លេខ៣៖ មានចំនួន១៣ទូក (ទូកខ្នាតអន្តរជាតិ៨ទូក និងទូកខ្នាតវែង៥ទូក)
* ចំណាត់ថ្នាក់លេខ៤៖ មានចំនួន៥ (ទូកខ្នាតអន្តរជាតិ៤ទូក និងទូកខ្នាតវែង១ទូក) ដោយទូកទទួលជ័យលាភី ទទួលបានទង់ជ័យលាភី១ ប័ណ្ណសរសើរ១ រួមជាមួយនឹងថវិកា ក្នុងនោះទូកងខ្នាតវែងជ័យលាភីលេខ១ ទទួលបានថវិកា២,០០០,០០០រៀល លេខ២ថវិកា១,៨០០,០០០រៀល លេខ៣ថវិកា១,៦០០,០០០រៀល និងលេខ៤ថវិកា១,៤០០,០០០រៀល សម្រាប់ទូកងខ្នាតអន្តរជាតិ ជ័យលាភីលេខ១ទទួលបានថវិកា១,៤០០,០០០រៀល លេខ២ថវិកា១,២០០,០០០រៀល លេខ៣ថវិកា១០០០,០០០រៀល និងលេខ៤ថវិកា៨០០,០០០រៀល៕