(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាននាំយកស្រូវពូជចំនួន២១,៦៥០គីឡូក្រាម ជាជំនួយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាកសិករ២៨៤គ្រួសារក្នុងចំណោមគ្រួសារដែលមានដំណាំស្រូវរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងនាពេលកន្លងទៅ ក្នុងឃុំព្រះធាតុ និងឃុំមៀន (សរុប១៧ភូមិ) ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ការប្រគល់ពូជស្រូវនេះធ្វើឡើងនៅបរិវេណវត្តទួលឃ្លាំង ស្ថិតនៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូរាំងឪ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្រូវពូជទាំងនេះត្រូវបានរាជរដ្ឋាភិបាលផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញបាន ក្រោយរងផលប៉ះពាល់ខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀងនាពេលកន្លងមក ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងសម្ដែងការព្រួយបារម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងអស់ផងដែរ។
លោកអភិបាលខេត្តបានបន្តថា ក្នុងរយៈពេលដែលប្រជាពលរដ្ឋទទួលរងនៅការលំបាកគ្រោះទឹកជំនន់ រដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធបានចូលរួមជួយសង្គ្រោះ និងរំដោះប្រជាពលរដ្ឋឱ្យមានសុខសត្ថិភាព ថែមទាំងបានផ្ដល់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារស្លាប់ដល់ពុំបានដឹងឮពីអាជ្ញាធរឡើយ។
លោក ជាម ច័ន្ទសោភ័ណ បានសំណូមពរនិងណែនាំដល់ប្រជាកសិករទាំងអស់សូមយកពូជស្រូវទាំងនេះទៅបង្កបង្កើនផលក្នុងការស្ដារឡើងវិញ ដើម្បីជួយដល់ជីវភាពរស់នៅ ជាពិសេសកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវបន្តសហការគ្នាអនុវត្តឱ្យខានតែបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើឱ្យភូមិ/ឃុំប្រែជាភូមិឃុំស្អាត ធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការខូចខាតដោយគ្រោះធម្មជាតិទឹកជំនន់នៅក្នុងស្រុកអូររាំងឪនេះ មានចំនួន២ឃុំ ស្មើ១៧ភូមិ មានគ្រួសាររងផលប៉ះពាល់ ហើយមានអាទិភាពអាចស្ដារឡើងវិញបានមានចំនួន២៨៤គ្រួសារ តម្រូវការពូជស្រួវចំនួន២១,៦៥០គីឡូក្រាម ក្នុងនោះឃុំព្រះធាតុមានចំនួន៩ភូមិ ស្មើនឹង១៣០ហិកតា មានតម្រូវការស្រូវពូជ១៥,៨០០គីឡូក្រាម និងសម្រាប់ឃុំមៀនមានចំនួន៨ភូមិ ស្មើនឹងចំនួន៧០ហិកតា មានតម្រូវការស្រូវពូជ៥,៨៥០គីឡូក្រាម៕