(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា បណ្តឹងពាក់ព័ន្ធការរើសអើងអ្នកផ្ទុកមេរោគអេដស៍ នឹងត្រូវលើកយកមកត្រួតពិនិត្យឡើងវិញ ដើម្បីធ្វើការវិភាគទៅលើអង្គហេតុនិងបទចោទ ខណៈដែលបណ្តឹងមួយចំនួន ត្រូវបានដាក់នៅក្នុងកម្មវត្ថុមានភាពខុសគ្នា ពីច្បាប់កំណត់។
ថ្លែងក្នុងពិធីពិគ្រោះយោលបល់លើពង្រាង ឯកសារជំនួយសា្មរតីស្តីពីកិច្ចការពារសិទ្ធិ របស់អ្នករស់នៅជាមួយមេរោគអេដស៏ និងក្រុមប្រឈមមុខខ្ពស់ នៅកន្លែងផ្តល់សេវាថែទាំសុខភាព នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កែវ រ៉េមី បានថ្លែងថា ក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន មិនមានរំលោភសិទ្ធិមនុស្ស ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍នោះទេ គឺមានតែការរើសអើងពីបុគ្គល។
លោក បានថ្លែងបន្តថា «រាជរដ្ឋាភិបាលយើងចេញច្បាស់លាស់ណាស់ គឺគ្មានការរើសអើងថា កូនចៅអ្នករស់ នៅជាមួយមេរោគអេដស៍ មិនអាចឲ្យទៅសាលា គឺថាមិនដែល ប៉ុន្តែគឺវាអាចមានការរើសអើង ចំពោះបុគ្គលនៅក្នុងសង្គមយើង អ៊ីចឹងមិនមែននិយាយទាក់ទងទៅនឹង ការរំលោភសិទ្ធិមនុស្សនោះទេ»។
លោក កែវ រ៉េមី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រង់ចាំទទួលពាក្យបណ្តឹងចំពោះបុគ្គលណា ដែលបានរើសអើង លើអ្នករស់នៅជាមួយមេរោគអេដស៍។
លោក កែវ រ៉េមី បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញគោលដៅចំនួនបីចំណុច «សូន្យការឆ្លងថ្មី សូន្យការរើសអើង និង សូន្យគ្មានអ្នកស្លាប់ដោយសារជំងឺអេដស៏» តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ៧ចំណុច។
លោកបន្តថា មនុស្សគ្រប់រូប វទទួលបានសិទ្ធិស្មើគ្នា និង ការទទួលបានដូចគ្នា នូវសិទ្ធិទទួលបានសេវាបង្ការមេរោគអេដស៍ ការថែទាំ ការព្យាបាល ព័ត៌មាន និងសេវានានា តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ការលើកកម្ពស់សមភាពយេនឌ័រ គឺមានសារៈសំខាន់ណាស់ក្នុងការឆ្លើយតបទាំងឡាយទៅនឹងមេរោគអេដស៍ ដែលពិតជាស្របទៅនឹងតម្រូវការ របស់អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត។ លើសពីនេះ អ្នកដែលលក់ និងបានលក់សេវាផ្លូវភេទ អ្នកប្រើប្រាស់ ឬ អ្នក ដែលបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវបានទទួលសិទ្ធិដូចអ្នកដទៃទៀតដែរ រួមទាំងការមិនរើសអើង និងការរក្សាការសំងាត់ ក្នុងការទទួលសេវាថែទាំ និងព្យាយាមមេរោគអេដស៏។
លោក សន សុធារិទ្ធិ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ បានឲ្យដឹងថា អ្នករស់នៅជាមួយរោគអេដស៍នាបច្ចុប្បន្នមានជាង ៧ម៉ឺន៤ពាន់នាក់ ក្នុងចំណោមនោះ មានតែជាង៦ម៉ឺននាក់បុណ្ណោះ មកទទួលយកសេវាឱសថថែទាំសុខភាព។ លោកថា ការទទួលបានសេវាឱសថថែទាំសុខភាព របស់អ្នករស់នៅជាមួយមេរោគអេដស៏ នៅពេលនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺត្រូវការសេវា ផ្នែកច្បាប់ សេវាអាហារូបត្ថម្ភ និងសេវាមួយចំនួនផ្សេងទៀតផងដែរ៕