(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង និងបានកោះហៅ​ឯកអគ្គរដ្ឋទូតចិនប្រចាំ​ប្រទេសជប៉ុន មក​សួរនាំ បន្ទាប់ពី​នាវាកងទ័ពជើងទឹករបស់ចិន បានរំកិលខ្លួនខិតចូលកាន់តែជិតកោះមួយស្ថិតនៅតំបន់ជម្លោះ​សមុទ្រ​ចិន​ខាងកើត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។

រដ្ឋភិបាលជប៉ុន បានអះអាងថា តំបន់កោះមានជម្លោះនោះ ជាកម្មសិទ្ធិរបស់ខ្លួន (ជប៉ុន ហៅកោះ Senkaku ចំណែកចិន ហៅកោះ Diaoyu) ហើយការដែលចិនចល័តនាវាចម្បាំង​របស់​ខ្លួនមកកាន់តែជិត​ដែនកោះមួយនេះ គឺកាន់តែធ្វើឲ្យ​មានភាពតានតឹងខ្លាំងឡើង។

អនុរដ្ឋមន្ត្រីការបរទេសរបស់ជប៉ុន លោក Akitaka Saiki បានកោះហៅ​ ឯកអគ្គរដ្ឋទូតចិនប្រចាំ​ប្រទេសទីក្រុងតូក្យូ នៅម៉ោងប្រមាណ ២រសៀលនេះ ដោយបានសម្ដែងនូវព្រួយបារម្ភយ៉ាងខ្លាំង។ «យើងព្រួយបារម្ភ​យ៉ាងខ្លាំងទៅលើ​សកម្ម​ភាពរបស់ចិននៅពេលនេះ ដែលបានបង្កើនភាពតានតឹងក្នុងកម្រិតខ្ពស់ និងអាចប៉ះពាល់ដល់​ទំនាក់ទំនងរវាងប្រទេសទាំងពីរ»។ នេះជាសំដីរបស់ ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានថ្លែងយ៉ាងខ្លី ទៅកាន់អ្នកសារព័ត៌មាន៕