(កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ បានថ្វាយសារលិខិតក្រាបបង្គំព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះរាជឫទ័យប្រោសប្រទាននូវព្រះរាជអំណោយ និងព្រះរាជសាររំលែកទុក្ខដល់ប្រជារាស្រ្តរបស់ព្រះអង្គ គឺគ្រួសារកូនសិស្សដែលរងគ្រោះពីឧប្បទ្ទវហេតុការលិចទូកដនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។

ក្នុងសារលិខិតនោះ លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ បានសរសេរថា៖

«ទូលព្រះបង្គំ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកណ្តាល សូមក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ព្រះករុណាថ្លៃវិសេស ទ្រង់សព្វព្រះរាជឫទ័យប្រោសប្រទាននូវព្រះរាជអំណោយ និងព្រះរាជសាររំលែកទុក្ខ ដែលកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ព្រះអង្គបានចាត់ព្រះរាជតំណាងនាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតផ្តល់ជូនដល់ប្រជារាស្រ្តរបស់ព្រះអង្គ ដែលរងគ្រោះពីឧប្បទ្ទវហេតុការលិចទូកដស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា»។

គួរជម្រាបថា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជឫទ័យប្រោសចាត់ឱ្យលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយចែកដល់ក្រុមគ្រួសារកុមារដែលបានទទួលរងគ្រោះដោយការលិចទូកដ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែកនោះ។

ក្នុងឱកាសនោះ លោក គុយ សុផល បានជម្រាបជូនអំពីព្រះរាជបណ្ដាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមចូលរួមរំលែកទុក្ខក្នុងព្រះរាជហឫទ័យសោកស្ដាយដ៏ជ្រាលជ្រៅជាមួយនឹងក្រុមគ្រួសារ ព្រមទាំងប្រជាជាតិកម្ពុជាទាំងមូល ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុលិចទូកដចំនួន១៥នាក់ រងគ្រោះរួចពីស្លាប់ចំនួន៤នាក់ និងរងគ្រោះស្លាប់ចំនួន១១នាក់។

ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូនឪពុកម្តាយ និងក្រុមគ្រួសារសិស្សានុសិស្សរងគ្រោះរួចពីស្លាប់ចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបានឃីតចំនួន១ (មុង១ ភួយ១ ក្រមា១ សារុង១) អង្ករចំនួន១បាវ ស្មើ៥០គ.ក ត្រីខចំនួន២០កំប៉ុង មីចំនួន៣កេសតូច កន្ទេលចំនួន១ និងថវិកាចំនួន ២០០ពាន់រៀល។

ជាមួយគ្នានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយចំពោះគ្រួសារសិស្សានុសិស្សរងគ្រោះស្លាប់ចំនួន១១នាក់ ក្នុង១គ្រួសារៗទទួលបានក្រណាត់សចំនួន៨ម៉ែត្រ ឃីតចំនួន១ (មុង១ ភួយ១ ក្រមា១ សារុង១) អង្ករចំនួន១បាវ ស្មើ៥០គ.ក ត្រីខចំនួន២០កំប៉ុង មីចំនួន៣កេសតូច កន្ទេលចំនួន១ និងថវិកាចំនួន៤០០ពាន់រៀល។

ព្រមជាមួយនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ក្រុមគ្រួសារសិស្សានុសិស្សរងគ្រោះរួចពីស្លាប់ចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបានឃីតចំនួន១ (មុង១ ភួយ១ ក្រមា១ សារុង១) អង្ករចំនួន១បាវ ស្មើ៥០គ.ក ត្រីខចំនួន២០កំប៉ុង មីចំនួន៣កេសតូច កន្ទេលចំនួន១ និងថវិកាចំនួន២០០ពាន់រៀល។ ទន្ទឹមនឹងនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទាននូវព្រះរាជអំណោយចំពោះគ្រួសារសិស្សានុសិស្សរងគ្រោះស្លាប់ចំនួន១១នាក់ ក្នុង១គ្រួសារៗទទួលបាន ក្រណាត់ស ចំនួន៨ម៉ែត្រ ឃីតចំនួន១ (មុង១ ភួយ១ ក្រមា១ សារុង១) អង្ករចំនួន១បាវ ស្មើ៥០គ.ក ត្រីខចំនួន២០កំប៉ុង មីចំនួន៣កេសតូច កន្ទេលចំនួន១ និងថវិកាចំនួន៤០០ពាន់រៀលផងដែរ៕