(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី រួមជាមួយលោក លោកស្រីនាយទាហាន និងក្រុមគ្រួសារនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២នេះ បានដង្ហែរអង្គកឋិនទាន នាំបច្ច័យទៅប្រគេនព្រះសង្ឃគង់នៅវត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
វត្តវាលុកថុល្លារាម ជាវត្តមួយនៅទីជនបទ ហើយកំពុងមានតម្រូវការចាំបាច់នូវបច្ច័យសម្រាប់សាងសង់នូវសមិទ្ធផលនានាក្នុងវត្ត ដើម្បីបម្រើដល់ការគោរពប្រណិប័តន៍របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។ បច្ច័យកើតចេញពីសទ្ធាដ៏ជ្រះថ្លានៃអង្គកឋិន ផ្តួចផ្តើមដោយនាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រី អ៊ូ សិទ្ធិរី ប្រមូលបច្ច័យបានមួយចំនួនធំ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្ត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយជាខ្លាំង ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពអាកាស បានមូលចិត្តមូលគំនិតគ្នា ក្នុងការរៀបចំបុណ្យកឋិនទាននេះឡើង។ នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរយ៉ាងជ្រាវជ្រៅបំផុត ចំពោះការចូលរួមបច្ច័យអង្គព្រះកឋិនទានពីអស់លោក លោកស្រីជានាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងអាកាស និងកងការពារអាកាស និងពុទ្ធបរិស័ទបានរួបរួមគ្នា ដង្ហែមកប្រគេនព្រះសង្ឃគង់នៅវត្តវេលុកថុល្លារាម។
សូមរំលឹកថា នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា តែងបានដឹកនាំនាយទាហាន និងក្រុមគ្រួសារក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ចូលរួមពិធីបុណ្យផ្កាសាមគ្គី ដង្ហែទៀនព្រះវស្សា ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យផ្សេងៗទៀត ដើម្បីប្រមូលបច្ច័យកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាមទុកជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធគោរពបូជា តាមគន្លងប្រពៃណី និងទំនៀមទម្លាប់ខ្មែរ៕