(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសឧបត្ថម្ភថវិកាចំនួន៣ម៉ឺនដុល្លារ សម្រាប់កម្មវិធីជប់លៀងរបស់គណៈមេធាវី នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីគណៈមេធាវីបានបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៣។

សូមជម្រាបថា លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៣ បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៤ ក្រោយការបោះឆ្នោតត្រូវបានធ្វើឡើង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោងប្រមាណ ៩៖៣០ព្រឹក ដល់ម៉ោងប្រមាណ១២៖៣០នាទីថ្ងៃត្រង់។

យោងតាមលទ្ធផលដែលត្រូវបានប្រកាសនៅរសៀលម៉ោង ៣៖០០នេះ ក្រោយការបិទការរាប់សន្លឹកឆ្នោតទៅឃើញថា លោក លី ច័ន្ទតុលា ទទួលបានសំឡេងឆ្នោតសរុបដ៏ច្រើនលើសលប់រហូតដល់ទៅ ២០១៦ ឬស្មើនឹង ៩៨.៥៨%។

ការបោះឆ្នោតនេះ គ្មានបណ្តឹងតវ៉ា និងមិនមានបាតុភាពមិនប្រក្រតីកើតឡើងនោះឡើយ។ មានមេធាវីទៅបោះឆ្នោតចំនួន ២០៤៥រូប ក្នុងនោះអ្នកទៅបោះឆ្នោតផ្ទាល់ ១៦៤០រូប និងអ្នកបោះឆ្នោតតាមរយៈការប្រគល់សិទ្ធិ ៤០៥រូប។ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់ មានសន្លឹកឆ្នោតបានការ ២០១៦សន្លឹក ខណៈ ២៩សន្លឹក ជាសន្លឹកឆ្នោតមិនបានការ។

សូមជម្រាបថា ប្រធានគណៈមេធាវីមានអាណត្តិ ២ឆ្នាំ ហើយលោក លី ច័ន្ទតុលា បានក្លាយជាប្រធានគណៈមេធាវី នៅឆ្នាំ២០២១ ខណៈឆ្នាំ២០២២នេះ ជាឆ្នាំទី២ នៃអាណត្តិទី១ របស់លោក៕