(កំពង់ឆ្នាំង)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកចីពរ ២០លាង ស្មេីនឹងទឹកប្រាក់៨០០ដុល្លារ ប្រគេនចំពោះព្រះសង្ឃ វត្តរតនៈមុនីសាគរ ស្ថិតនៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាឱកាសបុណ្យកឋិនទាន។
ជាមួយគ្នានោះ ក្រោយពីការប្រគេននូវចីពរនោះ ព្រះសាសនសោភ័ណ ហឿម សុវណ្ណា ក៏បានមានសង្ឃដីការ ឱ្យព្រះសង្ឃដែលជាកូននេន ខិតខំសិក្សារៀនសូត្រឱ្យបានពូកែ និងត្រូវបំពេញឱ្យបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនា និងបន្តគ្រប់គ្រងកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្ត រួមទាំងជួយបន្តដឹកនាំវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចំរើនបន្ថែមទៀត។
ព្រះសាសនសោភ័ណ មានសង្ឃដីកាទៀតថា ចីពរ ដែលបានប្រគេនដល់ព្រះសង្ឃនាឱកាសនេះ គឺជាការចូលរួមរបស់លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងក្នុងក្រៅប្រទេស ដែលបានចូលរួមជាមួយព្រះអង្គ តាមរយៈមូលនិធិមនុស្សធម៌ ដើម្បីសាសនា និងសង្គម និងតាមរយៈញាតិញោមប្រគេន ក្នុងកម្មវិធីទេសនា និងផ្សព្វផ្សាយព្រះធម៌តាមរយៈវិទ្យុសុវណ្ណារ៉ា FM 88.30 MHz រាជធានីភ្នំពេញ។
ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានមានសង្ឃដីកាប្រគេនពរ បវរសួស្តីមហាប្រសើរដល់សប្បុរសជនទាំងអស់ជួបតែ និងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕