(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អង្ករចំនួន ២០០តោន ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមបណ្តាខេត្តភាគពាយព្យប្រទេស។

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ អំណោយអង្កររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង ជាភរិយា ចាត់ក្រុមការងារយកទៅប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។

ក្នុងពិធីទទួលអង្ករនោះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា អង្ករចំនួន ១០០ តោន នឹងប្រគល់ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល ដើម្បីចាត់ចែងជូនប្រជាពលរដ្ឋ កំពុងទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តព្រះវិហារទាំងមូល។

រីឯអង្ករចំនួន ១០០តោនទៀត ក្រុមការងារបាននឹងកំពុងនាំមយកទៅប្រគល់ជូនសាលាខេត្តពោធិ៍សាត់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋកំពុងទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

ក្នុងនាមជាប្រតិបត្តិករលើសមរភូមិគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគោរពថ្លែងអំណរគុណយ៉ាងជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលមានទុក្ខលំបាកដោយសារទឹកជំនន់។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ទុក្ខលំបាករបស់ប្រជាពលរដ្ឋមិនដែលរំលងពីការគិតគូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះឡើយ។ សម្តេចទាំងទ្វេ លោកតែងតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋខ្ពស់ជានិច្ច រាល់ពេលពលរដ្ឋមានទុក្ខ គឺតែងមានការជួយដោះស្រាយការលំបាកពីសម្តេចទាំងទ្វេ»

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ដែលតែងមានទឹកចិត្តសប្បុរស ហើយតែងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរំលែកនូវការលំបាកនានា។

លោកទេសរដ្ឋមន្ត្រី ចាត់ទុកនូវកាយវិការចូលរួមនេះ ជាកាយវិការដ៏ល្អ និងជាគំរូមួយសម្រាប់សង្គមកម្ពុជា៕