(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំការដង្ហែអង្គកឋិនទានសាមគ្គីចូលវត្តទួលរលួស ហៅវត្តផាបាំង ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
បុណ្យកឋិនទាននេះធ្វើឡើងនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដឹកនាំដោយលោក គិត ទ្រី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំដោយលោក នួន កឿន និងលោក ខាំ ខឿន ដែលជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទួលរលួស។
លោក ម៉ុម សារឿន បានលើកឡើង ពិធីបុណ្យកឋិនទាននេះជាពិធីបុណ្យមួយរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយតែងតែប្រារព្ធជារៀងរាល់ឆ្នាំបន្ទាប់ពីពិធីបុណ្យចេញវស្សារួចមក ដោយព្រះសង្ឃតាមវត្តអារាមគង់ចាំវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាតែក្នុងវត្ត។
លោកអនុរដ្ឋលេខាធិការបានបន្ត ការប្រារព្ធបុណ្យកឋិនទាននាពេលនេះ សបញ្ជាក់ឲ្យឃើញថាដោយសារប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំពុះពារគ្រប់ឧបសគ្គនាំមកនូវសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមជួយថែរក្សាការពារសុខសន្តិភាព និងសមិទ្ធផលដែលកើតមានសព្វថ្ងៃបានគង់វង្សយូរអង្វែងតទៅទៀត។
សូមបញ្ជាក់ថា ប្រគេនបច្ច័យដែលយកមកប្រគេនទុកសម្រាប់កសាងវិហារ និងសមិទ្ធផលនានាក្នុងវត្តដែលជាថវិកាផ្ទាល់របស់លោក ម៉ុម សារឿន និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងខេត្តរតនគិរីមានចំនួន៣៥លានរៀល និង៨០០ដុល្លារផងដែរ៕