(កំពង់ឆ្នាំង)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំព្រះសង្ឃ ​នាំយកចីពរ ៤០លាង និងបច្ច័យ ៣៥០០ដុល្លារ ប្រគេនចំពោះព្រះសង្ឃ នៅក្នុងវត្តគិរីធម្មរាជ ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាឱកាសបុណ្យកឋិនទាន។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីការថា ការប្រគេនចីពរ និងបច្ច័យនាពេលនេះដើម្បីរួមចំណែកតិចតួច ជាមួយ​​ព្រះសង្ឃ និង​ជួយលើកស្ទួយជីវភាពរបស់ព្រះសង្ឃ ដើម្បីឱ្យព្រះសង្ឃបានបំពេញឱ្យបានត្រឹមត្រូវនូវរចនាសម្ព័ន្ធ​នៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនា និងបន្ត​គ្រប់គ្រង​កសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្ត រួមទាំងជួយបន្តដឹកនាំវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

ព្រះសាសនសោភ័ណ មានសង្ឃដីកា បន្តថាប្រគេនចីពរ និងបច្ច័យ ដែលបានប្រគេនដល់ព្រះសង្ឃនាឱកាសនេះ គឺជាការចូលរួមរបស់លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងក្រៅប្រទេស ដែលបានចូលរួមជាមួយព្រះអង្គ តាមរយៈមូលនិធិមនុស្សធម៌ ដើម្បីសាសនា និងសង្គម និងតាមរយៈញាតិញោមប្រគេន ក្នុងកម្មវិធីទេសនា និងផ្សព្វផ្សាយព្រះធម៌តាមរយៈវិទ្យុសុវណ្ណារ៉ា FM 88.30 MHz រាជធានីភ្នំពេញ។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានមានសង្ឃដីកាបន្ថែមទៀតថា ទឹកចិត្តរបស់ញាតិញោម ជាការរួមចំណែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ជាពិសេសវត្តអារាម ដែលនៅក្នុងតំបន់ដាច់ស្រយាលដែលមានការខ្វះខាត ដើម្បីជួយដល់វត្តអារាម ដែលជាកន្លែងផ្សព្វផ្សាយព្រះធម៌ និងអប់រំចិត្តមនុស្ស​ឱ្យបានល្អប្រសើរ។ ព្រះអង្គក៏បានប្រគេនពរ បវរសួស្តីមហាប្រសើរដល់សប្បុរសជនទាំងអស់ជួបតែ និងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕