(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សហការី និងក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកបូរីអូរស្វាយសែងជ័យ ខេត្តស្ទឹងត្រែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋសរុបចំនួន ៥២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៃទន្លេរសេសាន្ត ក្នុងភូមិ អីប៊ុ ២៧គ្រួសារ និងភូមិណាអូង ២៥គ្រួសារ។
ពិធីនេះរៀបចំឡើងនៅ២ទីតាំង ដែលទីតាំងទី១នៅភូមិអីប៊ុ និងទីតាំងទី២ ក្នុងបរិវេនវត្តនៅភូមិណាអូង ឃុំអូស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះដែរ លោកបានពាំនាំព្រះរាជបន្ទូល ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខជូនដល់ប្រជារាស្ត្រ ជាទីនឹករលឹក ហើយបានចាត់ក្រុមការងារនាំយកអំណោយ ជួយសម្រាលការលំបាកខាងផ្នែកជីវភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះដែរ លោកបានពាំនាំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋ ដូចជា៖
* សូមប្រុងប្រយ័ត្នចំពោះការលង់ទឹក ជាពិសេសចំពោះក្មេងតូចៗ និងមនុស្សចាស់ ហើយត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិស ដែលអាចបង្កគ្រោះថ្នាក់ដល់យើងបាន។
* សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់ៗគ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារ ត្រូវបរិភោគទឹកដាំឆ្អិនល្អ ទឹកស្អាត មានអនាម័យគ្រប់គ្រាន់ ដើម្បីការពារកុំឱ្យកើតមានជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
* នៅពេលទឹកស្រក ហើយត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តប្រកបមុខរបរ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
* សូមប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកវេជ្ជ. និងក្រុមការងារ បាននាំយកថ្នាំពេទ្យ និងអាវ មួយចំនួន ជូនបណ្ឌលសុខភាពតាមរយៈអនុសាខាស្រុកបូរីអូរស្វាយសែនជ័យ។ ជាមួយគ្នានោះលោកបានប្រគល់ទេយ្យទាន និងបច្ច័យមួយចំនួន ជូនព្រះសង្ឃដែលគង់នៅវត្តព្រះស្រែមាសរាជមហាវិហារ។
អំណោយដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា សម្រាប់ចែកជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (សារុង មុង ភួយ ក្រមា និងអាវយឺត) ១កញ្ចប់, សាប៊ូ ១ដប, ជែលលាងដៃចំនួប ១ដប និងថវិកា ២ម៉ឺនរៀល។
សូមបញ្ជាក់ នៅថ្ងៃស្អែកទី១៧ ខែតុលា ឆ្នាំ២០២២ ក្រុមការងារនឹងបន្តចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ២៤១គ្រួសារ ដែលមកពី១៣ភូមិ ៣ឃុំ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕