(ពោធិ៍សាត់)៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ នៅសួនច្បារផ្លូវលេខ១០១ ជាប់មាត់ស្ទឹងពោធិ៍សាត់ បានអញ្ជើញបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នៅខេត្តពោធិ៍សាត់ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ពិធីនេះ ក៏មានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរដែនដីជុំវិញខេត្ត មន្ត្រីរាជការនៃ​នា​យក​ដ្ឋានកិច្ចការហាឡាល សាខា ក.ប.ប ខេត្តពោធិ៍សាត់ ភ្ញៀវជាតិ អន្តរជាតិ ផលិតករពាណិជ្ជករ កសិករ និងនិស្សិតជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ក្នុងពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានរចនាផ្ទាំងរូបភាពបង្ហាញពីតួនាទីភារកិច្ចរបស់ខ្លួន បង្ហាញអំពីច្បាប់ដែល ក.ប.ប កំពុងធ្វើការអនុវត្ត រួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ លិខិតបទដ្ឋានក្រោមច្បាប់ និងផ្ទាំងខិតប័ណ្ណអប់រំជាច្រើនទៀត ក្នុងគោលបំណងបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសិទ្ធិក្នុងការទទួលបានការការពារដោយច្បាប់ និងយន្តការបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប ក្នុងករណីមានបទល្មើសកើតឡើង។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន ក.ប.ប ដែលមាននាយកដ្ឋានកិច្ចការហាឡាល ជាសេនាធិការ ក៏បានតាំងបង្ហាញសកម្មភាពរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក) និងឯកសារពាក់ព័ន្ធនឹងកិច្ចការហាឡាល ពិសេសមានការដាក់តាំងផលិតផលហាឡាល ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេស​​ ស្ដង់ដារផលិតផលហាឡាលកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា លើកកម្ពស់ទំនុកចិត្តរបស់បងប្អូនសាសនិកឥស្លាម មកលើស្លាកសញ្ញាហាឡាលកម្ពុជា ផ្សព្វផ្សាយអំពីបទប្បញ្ញត្តិពាក់ព័ន្ធ នីតិវីធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារហាឡាលកម្ពុជា ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលកម្ពុជា ជាពិសេសការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

ដើម្បីចូលរួមអភិវឌ្ឍផលិតផលហាឡាលកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប. សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស សិប្បកម្ម មកដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា៕