(ស្វាយរៀង)៖ លោក ម៉ឹង កុម្ភៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង បានថ្លែងថា រាល់សេវាសំណូមពរនិងសេវាតម្រូវការនៅមូលដ្ឋានត្រូវដោះស្រាយឲ្យមានតម្លាភាព និងគណនេយ្យភាព។
ការថ្លែបបែបនេះបានធ្វើឡើងក្នុងឱកាសលោក ម៉ឹង កុម្ភៈសំណេះសំណាលជាមួយសមាជិក ក្រុមការងារគណបក្សប្រជាជនស្រុកចន្ទ្រា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដែលមានការចូលរួមពីលោក ថន ថាវុទ្ធា ប្រធានគណបក្សស្រុក និងលោក លោកស្រីជាក្រុមការងារថ្នាក់ស្រុក ជាច្រើនរូបផងដែរ។
លោក ម៉ឹង កុម្ភៈ បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ម៉ឹង សំផន ដែលជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ដែលជានិច្ចកាលលោកតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅស្រុកចន្ទ្រាផងដែរ។
លោកបានបន្ថែមថា «យើងមិនត្រូវមើលតែមួយជ្រុងនោះទេ គឺត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយ ទាំងសេវាសាធារណៈ ការសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវធ្វើឲ្យបានលឿន ច្បាស់លាស់គឺធ្វើយ៉ាងណាមិនឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់នោះឡើយ ជាពិសេសទង្វើល្អរបស់មន្ត្រីនៅមូលដ្ឋានតែម្ដង ដែលដែលទាក់ចិត្តពលរដ្ឋបាន»។
ជាមួយគ្នានេះ លោក ម៉ឹង កុម្ភៈ បានជំរុញដល់ក្រុមការងារ ក៏ដូចជាប្រធានគណបក្សស្រុក និងសមាជិកបក្សទាំងអស់ ត្រូវបង្កើនការពង្រឹងសមាជិកចាស់ ពង្រីកសមាជិកថ្មីមិនត្រូវប្រកាន់ថាមកពីខាងណានោះទេធ្វើយ៉ាងណាឲ្យរឹងមាំ ជាពិសេសអ្នកដែលមករួមរស់ជាមួយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សប្រជាជនស្រុកចន្ទ្រាទាំងអស់ ដែលបានអនុវត្តកន្លងមកនេះ ដោយសមាជិកបក្សបានយកអស់ពីកម្លាំងកាយចិត្តក្នុងការកសាងសមិទ្ធផលជាច្រើនសម្រាប់បម្រើឲ្យសង្គមជាតិ ពិសេសបានយក ចិត្តទុកដាក់ពង្រឹងការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និង ការចូលរួមផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីវិធានការ ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ។
បន្ថែមលើសពីនេះ លោក ម៉ឹង កុម្ភៈ ក៏បានផ្ដល់ឱកាសដល់លោក លោកស្រីដែលជាមេឃុំទាំង៦ឃុំនៅស្រុកចន្ទ្រា ឡើងរាយការណ៍អំពីចំណុចខ្លាំង ចំណុចខ្សោយនៅមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើរបាយការណ៍ជូនប្រធានក្រុមការងារចុះជួយស្រុកក្នុងការដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ។ ចំពោះចំណុចដែលលោក លោកស្រីលើកមកក្នុងពិធីសំណេះសំណាលនេះ នោះរួមមានផ្លូវ ភ្លើង សាលារៀន ជាដើម។
បន្ទាប់ពីសំណេះសំណាលរួច លោក ម៉ឹង កុម្ភៈ បានដឹកនាំក្រុមការងារចុះពិនិត្យមើលអាគារគណបក្សប្រជាជនស្រុកចន្ទ្រាដែលកំពុងសាងសង់ផងដែរ។
សូមបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការលោកគ្រូ អ្នកគ្រូ សមាគមន៍នារីស្រុក នៅឪកាសខាងមុខនេះតាមរយៈលោក ម៉ឹង កុម្ភៈ មឹងនាំសំណើរបស់រដ្ឋបាលស្រុក ដាក់ជូនប្រធានក្រុមការងារចុះជួយស្រុក ដើម្បីធ្វើដំណើរកំសាន្តទៅលេងក្រុងព្រះសីហនុផងដែរ៕