(កណ្ដាល)៖ យោងតាមព្រះរាជត្រិះរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង រួមដំណើរដោយលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងមន្រ្តីអ្នកមុខអ្នកការសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត បាននាំយកព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ចែកជូនដល់ក្រុមគ្រួសារកុមារដែលបានទទួលរងគ្រោះដោយការលិចទូកដ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក គុយ សុផល បានជម្រាបជូនអំពីព្រះរាជបណ្ដាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមចូលរួមរំលែកទុក្ខក្នុងព្រះរាជហឫទ័យសោកស្ដាយដ៏ជ្រាលជ្រៅជាមួយនឹងក្រុមគ្រួសារ ព្រមទាំងប្រជាជាតិកម្ពុជាទាំងមូល ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុលិចទូកដចំនួន១៥នាក់ រងគ្រោះរួចពីស្លាប់ចំនួន៤នាក់ និងរងគ្រោះស្លាប់ចំនួន១១នាក់។
ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូនឪពុកម្តាយ និងក្រុមគ្រួសារសិស្សានុសិស្សរងគ្រោះរួចពីស្លាប់ចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបានឃីតចំនួន១ (មុង១ ភួយ១ ក្រមា១ សារុង១) អង្ករចំនួន១បាវ ស្មើ៥០គ.ក ត្រីខចំនួន២០កំប៉ុង មីចំនួន៣កេសតូច កន្ទេលចំនួន១ និងថវិកាចំនួន ២០០ពាន់រៀល។
ជាមួយគ្នានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយចំពោះគ្រួសារសិស្សានុសិស្សរងគ្រោះស្លាប់ចំនួន១១នាក់ ក្នុង១គ្រួសារៗទទួលបានក្រណាត់សចំនួន៨ម៉ែត្រ ឃីតចំនួន១ (មុង១ ភួយ១ ក្រមា១ សារុង១) អង្ករចំនួន១បាវ ស្មើ៥០គ.ក ត្រីខចំនួន២០កំប៉ុង មីចំនួន៣កេសតូច កន្ទេលចំនួន១ និងថវិកាចំនួន៤០០ពាន់រៀល។
ព្រមជាមួយនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ក្រុមគ្រួសារសិស្សានុសិស្សរងគ្រោះរួចពីស្លាប់ចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបានឃីតចំនួន១ (មុង១ ភួយ១ ក្រមា១ សារុង១) អង្ករចំនួន១បាវ ស្មើ៥០គ.ក ត្រីខចំនួន២០កំប៉ុង មីចំនួន៣កេសតូច កន្ទេលចំនួន១ និងថវិកាចំនួន២០០ពាន់រៀល។ ទន្ទឹមនឹងនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទាននូវព្រះរាជអំណោយចំពោះគ្រួសារសិស្សានុសិស្សរងគ្រោះស្លាប់ចំនួន១១នាក់ ក្នុង១គ្រួសារៗទទួលបាន ក្រណាត់ស ចំនួន៨ម៉ែត្រ ឃីតចំនួន១ (មុង១ ភួយ១ ក្រមា១ សារុង១) អង្ករចំនួន១បាវ ស្មើ៥០គ.ក ត្រីខចំនួន២០កំប៉ុង មីចំនួន៣កេសតូច កន្ទេលចំនួន១ និងថវិកាចំនួន៤០០ពាន់រៀលផងដែរ។
ក្រុមគ្រួសាររបស់សិស្សានុសិស្សដែលបានរួចផុតពីសេចក្តីស្លាប់ និងក្រុមគ្រួសារសិស្សានុសិស្សដែលបានបាត់បង់ជីវិត បានថ្លែងព្រះរាជអំណព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ឧត្តុងឧត្តមនេះ និងសូមថ្វាយព្រះសព្ទសាធុកាពរ និងមហាព្រះរាជកុសលកើតឡើងពីព្រះរាជហឫទ័យសន្តោសប្រោសប្រណីដ៏ថ្លៃថ្លានេះ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គបានប្រកបតែនឹងសិរីសួស្តីជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដ៏រាបតរៀងទៅ៕