(តាកែវ)៖ អ្នកឧកញ៉ា លី សាម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្យប្រជាជនកម្ពុជា និងលោក មាស ប៊ុនឡី ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអគ្គនាយករងសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ លោក យូ សិរីវុឌ្ឍ ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងាររបស់អ្នកឧកញ៉ា លី សាម៉េត និងក្រុមការងារនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បានចុះជួបសំណេះសំណាលជាមួយសមាជិកមកពីអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សផ្សេងៗទៀតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន៤០០នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹង ក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

អ្នកគាំទ្រដែលមកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗនោះ រួមមាន៖

ទី១. សមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន៣១៩នាក់ ស្រី២០៥នាក់
ទី២. សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៥៧នាក់ ស្រី២៩នាក់
ទី៣. សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន១២នាក់ស្រី៧នាក់
ទី៤. សមាជិកគណបក្សភ្លើងទៀនចំនួន១២នាក់ ស្រី៤នាក់។

លោក មាស ប៊ុន ឡី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិកសមាជិកាដែលជាអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត ដែលវិលមករួមរស់ជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជានាឱកាសនេះ។ គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ដែលមានវ័យចំណាស់ខាងនយោបាយ និងមានបទពិសោធន៍ជាង៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។

លោក មាស ប៊ុនឡី បានបន្តថា អស់រយៈពេលជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបរបររកទទួលទានចិញ្ចឹមជីវិត ការប្រតិបត្តិជំនឿសាសនា និងគណបក្សនយោបាយជាដើម ហើយប្រជាពលរដ្ឋបានស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសជាតិជារៀងរហូតមក ដូច្នេះសូមពលរដ្ឋទូទាំងប្រទេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស សម្រាប់អនាគតប្រទេសជាតិ និងកូនចៅជំនាន់ក្រោយៗទៀត។

អ្នកឧកញ៉ា លី សាម៉េត បានគូសបញ្ជាក់ក្នុងពិធីនោះថា ការចូលមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋឡើយនោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

អ្នកឧកញ៉ាបានបញ្ជាក់ទៀតថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»