(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ ចំណូលពន្ធ និងអាករផ្សេងៗ ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទឹកប្រាក់ ១,៩លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៦,៣៤ភាគរយ បើធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៥។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា កាលពីឆ្នាំ២០១៥កន្លងទៅនេះ ការប្រមូលចំណូលពន្ធ និងអាការគយ ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ មានទឹកប្រាក់ជាង ៥ លានដុល្លារអាមេរិក។
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទំហំផ្ទៃដីប្រមាណ ៣៥៧ហិកតា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានក្រុមហ៊ុនចំនួន៧៧ កំពុងដំណើរការលើវិស័យសំខាន់ដូចជា ផលិតគ្រឿងអេឡិចត្រូនិច គ្រឿងបំណែករថយន្ត ច្នៃពេជ្យ ទឹកដោះគោ ភេសជ្ជៈ កាត់ដេរ ស្បែកជើង ចំណីសត្វ...។ល។ ដោយបង្កើតការងារច្រើនជាង១៨.០០០កន្លែង។
សូមបញ្ជាក់ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺជាផ្នែកមួយ ដ៏សំខាន់ នៃយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង របស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យឧស្សាហកម្មផលិតកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការបង្កើននូវបរិយាកាសវិនិយោគ ពិសេសការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) ការជំរុញនិងការបង្កើនការនាំចេញ ការបង្កើតការងារនិងជំនាញជូនពលរដ្ឋកម្ពុជា ព្រមទាំងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀត។
បើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិ សេសផ្សេងៗទៀត នៅទូទាំងប្រទេស ត្រូវបានបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តកម្ម (Automated System for Customs Data-ASYCUDA) ដើម្បីសម្រួលដល់នីតិវិធីគយសម្រាប់នាំចូល-នាំចេញតាំងពីខែមិថុនា ឆ្នាំ២០១៥មកម៉្លេះ៕