(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះស្ថាបនិក ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានផ្ញើព្រះរាជាសារ សូមចម្រើនពរអរគុណ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ព្រមទាំងបុទ្រ ដែលបានចូលរួមបរិច្ចាគថវិកា២០ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ព្រះរាជសារបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទូលថា «អាត្មាភាព សូមប្រសិទ្ធពរជ័យមង្គលបវរមហាប្រសើរជូនចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ សូមបានប្រកបដោយព្រះពុទ្ធពរជ័យមង្គលសព្វគ្រប់ប្រការ មានជុន្មាទីឃាយុយឺនយូរ សុខុមាលភាពល្អបរិបូណ៌ ដើម្បីបានរួមដង្ហែតាមសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បិតាស្ថាបនិកសន្តិភាពកម្ពុជា ក្នុងការអភិវឌ្ឍជាតិ មាតុភូមិខ្មែរឲ្យបានរុងរឿងចម្រើន ដូចអារ្យប្រទេសក្នុងលោកជារៀងរហូតតទៅ»។
សូមជម្រាបថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកា២០ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។
ការចូលរួមបរិច្ចាគថវិការបស់អ្នកឧកញ៉ា និងលោកជំទាវ ធ្វើឡើងតាមការអំពាវនាវរបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា៕