(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះស្ថាបនិក ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានផ្ញើព្រះរាជាសារ សូមចម្រើនពរអរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមបរិច្ចាគថវិកា២០ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ព្រះរាជសារបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទូលថា «អាត្មាភាព សូមប្រសិទ្ធពរជ័យមង្គលបវរមហាប្រសើរខ្ពង់ខ្ពស់ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរជ័យមង្គលសព្វគ្រប់ប្រការ មានជុន្មាទីឃាយុយឺនយូរ សុខុមាលភាពល្អបរិបូណ៌ ឈ្នះអស់មារសត្រូវគ្រប់ទិសទីអស់ កាលជានិច្ចនិរន្តរ៍តរៀងទៅ និងសូមអស់ពពួកទេវតាថែរក្សាព្រះពុទ្ធសាសនា ថែរក្សាព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមជួយទ្រទ្រង់អភិបាលឃុំគ្រងថែរក្សា សម្តេចតេជោនាយករដ្ឋមន្ត្រី សូមសម្តេចតេជោ បានស្ថិតនៅជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជារៀងរហូតតទៅ»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានចាត់ឲ្យតំណាងនាំយកនូវថវិកាចំនួន ២០ម៉ឺនដុល្លារ ប្រគេនដល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានបន្ទូល អំពាវនាវដល់អ្នកមានចិត្តបុណ្យទាំងឡាយ ចូលរួមថវិកាកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីចូលរួមចំណែកវិស័យអប់រំ និងជួយសមណនិស្សិត-និស្សិត គ្រប់រាជធានី-ខេត្ត បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយឥតបង់ថ្លៃរយៈពេល៤ឆ្នាំ៕