(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតលើកទី២៧ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៤ យ៉ាងឱឡារិក នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងឱកាសនោះ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានថ្លែងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី២ នៃអាណត្តិទី១ របស់លោកក្នុងការដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាឆ្នាំទី២ ដែលលោកបានបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការអនុវត្តគោលនយោបាយ និងបេសកកម្មដែលបានដាក់ចេញសម្រាប់ដឹកនាំគណៈមេធាវី ដោយបានលះបង់ពេលវេលានិងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញការងារ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗ និងដើម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌មេធាវី ជាពិសេសធានាឱ្យបាននូវផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់តួនាទីមេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ។
ចំពោះគោលនយោបាយដឹកនាំគណៈមេធាវីទាំង ៨ ចំណុចរបស់លោក គឺលោក លី ច័ន្ទតុលា បានរំលឹកឡើងវិញដូចខាងក្រោម៖
*១៖ រឹតបន្តឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវីតាមបទពិសោធតាមមាត្រា៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវីតាមមាត្រា៣១ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដោយយកគុណភាពនិងសមត្ថភាពជាគោល។
*២៖ ពង្រឹងលើកកម្ពស់សមត្ថភាពមេធាវីតាមរយៈការបង្កើនវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការដកស្រង់និងផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស។
*៣៖ ពង្រឹងកិច្ចសហការ ការផ្តល់តម្លៃ និងការយោគយល់គ្នាជាមួយស្ថាប័នជាតិនិងអន្តរជាតិ។
*៤៖ បង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីតួនាទីរបស់មេធាវី និងកិច្ចការទាំងឡាយ ដែលមេធាវីអាចផ្តល់ឱ្យអតិថិជន។
*៥៖ ពង្រីកទំហំការងារដែលមេធាវីអាចផ្តល់ឱ្យអតិថិជនឱ្យកាន់តែច្រើន និងប្រឆាំងនឹងការប្រកួតប្រជែងខុសច្បាប់ពីសំណាក់បុគ្គលដែលមិនមានសិទ្ធិជាមេធាវី។
*៦៖ បង្កើតយន្តការផ្តល់តម្លៃនិងកិត្តិយសដល់មេធាវីដែលមានស្នាដៃលេចធ្លោនៅក្នុងការជួយដល់គណៈមេធាវី វិជ្ជាជីវៈមេធាវី និងកិច្ចការយុត្តិធម៌សង្គម។
*៧៖ បន្តអនុវត្តនិងពង្រីកយន្តការសុខុមាលភាពមេធាវីទាំងអស់ ជាពិសេសយន្តការទាក់ទង នឹងមូលនិធិសម្រាប់ជួយមេធាវីដែលមានវ័យចាស់និងមានជំងឺធ្ងន់ធ្ងរ។
*៨៖ បង្កើនអន្តរកម្មរវាងគណៈមេធាវីនិងមេធាវី និងការផ្តល់សេវាឱ្យកាន់តែប្រសើរជូនដល់មេធាវីទាំងអស់។
បើតាមលោក លី ច័ន្ទតុលា ដើម្បីអនុវត្តគោលនយោបាយដឹកនាំគណៈមេធាវីទាំង ៨ ចំណុចនេះ គណៈមេធាវីបានដាក់ចេញនូវបេសកកម្មចំនួន ៣ គឺ៖
*ទី១៖ ការពង្រីកនិងពង្រឹងការចូលរួមបម្រើវិស័យយុត្តិធម៌
ដើម្បីអនុវត្តបេសកកម្មនេះ គណៈមេធាវីបានកំណត់ចេញជាសកម្មភាពការងារចំនួន៥ក្នុងគោលបំណងចូលរួមលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ តាមរយៈការផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតកម្រៃ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដល់ជនក្រីក្រ ជាពិសេសដល់ស្ត្រីនិងអនីតិជន។
*ទី២៖ ការពង្រឹងនិងលើកកម្ពស់តម្លៃវិជ្ជាជីវៈ សមត្ថភាព និងសុខុមាលភាពរបស់មេធាវី
ដើម្បីអនុវត្តបេសកកម្មនេះ គណៈមេធាវីបានកំណត់ចេញជាសកម្មភាពការងារចំនួន១១ ក្នុងគោលបំណងពង្រឹងវិជ្ជាជីវៈមេធាវី និងតម្កល់ឧត្តមប្រយោជន៍វិជ្ជាជីវៈមេធាវីនិងមេធាវីជាចម្បង តាមរយៈការពង្រឹងយន្តការត្រួតពិនិត្យលើការគោរពក្រមសីលធម៌និងវិធានវិជ្ជាជីវៈមេធាវី ការបង្កើនសមត្ថភាពដល់មេធាវី ការបង្កើតយន្តការផ្តល់ការលើកទឹកចិត្តដល់មេធាវីដែលមានស្នាដៃក្នុងការជួយដល់យុត្តិធម៌សង្គម វិជ្ជាជីវៈមេធាវី និងគណៈមេធាវី ការលើកកម្ពស់សុខុមាលភាពមេធាវី និងការទប់ស្កាត់ការប្រកបវិជ្ជាជីវៈមេធាវីដោយជនដែលមិនមែនជាមេធាវី។
*ទី៣៖ ការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ
ដើម្បីអនុវត្តបេសកកម្មនេះ គណៈមេធាវីបានកំណត់ចេញជាសកម្មភាពការងារចំនួន៣ ក្នុងគោលបំណងផ្សព្វផ្សាយវិជ្ជាជីវៈមេធាវីនិងតួនាទីមេធាវីក្នុងសង្គមឱ្យកាន់តែទូលំទូលាយ និងពង្រីកទំហំការងាររបស់មេធាវី ព្រមទាំងផ្លាស់ប្តូរបទពិសោធនិងចែករំលែកចំណេះដឹងផ្នែកច្បាប់ក្នុងវិស័យផ្សេងៗទៀតដល់មេធាវី៕