(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងសហការី ព្រមទាំងក្រុមការងារគណៈកម្មាធិការគណបក្សស្រុកកំពង់ត្រឡាច និងក្រុមការងារគណៈកម្មាធិការគណបក្សឃុំអំពិលទឹក បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់តាមខ្នងផ្ទះ ដែលស្ថិតនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងសកម្មភាព ដែលបានរៀបចំឡើង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត បាននាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្ដេចតេជោ តែងតែយកចិត្តទុកដាក់គិតគូរ ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ មិនដែលទុកពលរដ្ឋណាមួយ ឱ្យអត់ស្បៀងអាហារនោះឡើយ។
រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកពីគណបក្សប្រជាជនកម្ពុជា បានបន្តទៀតថា ក្នុងនាមជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ក្រុមការងារតែងតែជួយទៅលើការខ្វះខាតរបស់ប្រជាពលរដ្ឋ ដោយមិនមាននូវការប្រកាន់និន្នាការនយោបាយនោះឡើយ។ លោកបណ្ឌិត ក៏បានស្នើដល់ក្រុមការងារគណបក្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ឱ្យបានទាន់ពេលវេលា ដើម្បីជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ ក្នុងគ្រាដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់នៅពេលនេះ។
ក្នុងនោះ មន្ត្រីគណបក្សប្រជាជនកម្ពុជា ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ ដែលមិនទាន់ស្រកទៅវិញនៅឡើយនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះក្មេងៗពីការលង់ទឹក ការថែរក្សាសុខភាពឱ្យបានល្អចំពោះចាស់ជរា ប្រកាន់ភ្ជាប់អនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងដេកស្អាត ដើម្បីជៀសវៀងនូវការឆ្លងជំងឺ ត្រូវប្រុងប្រយ័ត្ននូវការឆ្លងចរន្តអគ្គិសនី និងសត្វអសិរពិសផ្សេងៗ ដែលអាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ក៏បាននាំយកនូវអំណោយផ្ដល់ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម, មីជាតិ ១ កេស, ទឹកស៊ីអ៉ីវ ១ យួរ, ទឹកត្រី ១ យួរ, ត្រីខ ១ យួរ, នំ ១ ប្រអប់, ទឹកក្រូច និងថវិកាមួយចំនួន៕