(ព្រះសីហនុ)៖ អាជ្ញាធរសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បាននិងកំពុងអនុវត្តគម្រោងសាងសង់ផ្លូវបេតុងចំនួន២ខ្សែសម្រាប់សម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ ដោយត្រូវចំណាយថវិកាសាងសង់សរុប៣៤០,០០០,០០០រៀល ដែលបានពីមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២២។
ការសាងសង់ផ្លូវបេតុង២ខ្សែខាងលើនេះ ដោយខ្សែទី១មានប្រវែងបណ្ដោយ១៨៧ម៉ែត្រ និងទទឹង៦ម៉ែត្រ ដោយកម្រាស់បេតុង០.២០ម៉ែត្រ ស្ថិតនៅជាប់របងសាលាវិទ្យាល័យក្រុងព្រះសីហនុ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយក៏បានសាងសង់រួចរាល់ដែរ ចំណែកខ្សែទី២មានប្រវែងបណ្ដោយ២១៣ម៉ែត្រ និងទទឹង៥ម៉ែត្រ កម្រាស់០.២០ម៉ែត្រ ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខណៈផ្លូវនេះគឺកំពុងសាងសង់សម្រេចបាន៨០%ហើយ។
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ បានចុះពិនិត្យមើលការសាងសង់ផ្លូវបេតុងចំនួន២ខ្សែខាងលើ និងបានឆ្លៀតសំណេះសំណាលផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្ដោយផ្លូវ សូមជួយចូលរួមថែរក្សានៅសមិទ្ធផលថ្មីសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ។
លោកចៅសង្កាត់ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យ និងបរិស្ថាននៅជុំវិញលំនៅដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព អនាម័យ និងបរិស្ថានល្អនៅតាមផ្លូវសាធារណៈនេះ៕