(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ញ៉ឹក បានខេង អភិបាលរងខេត្ត បានបន្តនាំយករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន៣០០គ្រួសារ រស់នៅក្នុងឃុំស្រើង ឃុំតាំងក្រសៅ និងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ការចែកអំណោយដល់ពលរដ្ឋរងគ្រោះនេះធ្វើឡើងនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅទីទួលសុវត្ថិភាពស្រុកប្រាសាទសំបូរ។
លោក ញ៉ឹក បានខេង បានថ្លែងថា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់សូមបន្តតាមដានយកចិត្តទុកដាក់អំពីព័ត៌មានអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ព្រោះមានភ្លៀងធ្លាក់ឥតឈប់ឈរ។ កត្តាទាំងអស់នេះបណ្ដាលឱ្យហេដ្ឋារចនាសម្ពន្ធជាច្រើនត្រូវបានខូចខាតទាំងផលដំណាំរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះបានជារដ្ឋបាលខេត្តបាននាំយកស្បៀងអាហារបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃបានមួយកម្រិត។
លោកអភិបាលរងខេត្តកំពង់ធំបានបន្តថា សម្ដេចទាំងទ្វេតែងតែចិត្តទុកដាក់ណាស់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋមិនមែនជាលើកទីមួយនោះទេ ទីណាមានការលំបាកដោយគ្រោះរាំងស្ងួត ទឹកជំនន់ និងបញ្ហាផ្សេងៗក្នុងសង្គម ត្រូវតែដោះស្រាយជូនគាត់ឱ្យបានទាន់ពេលវេលា។
លោកអភិបាលរងខេត្តកំពង់ធំបានណែនាំដល់អាជ្ញាធរស្រុក ក៏ដូចជាមន្ទីរជំនាញត្រូវសិក្សាអំពីផលប៉ះពាល់ដំណាំស្រូវនៅក្នុងភូមិសាស្រ្តដែលទទួលរងគ្រោះសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តារជីវភាពឡើងវិញ បន្ទាប់ពីទឹកបានស្រកទៅវិញ។
លោក ញ៉ឹក បានខេង បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមរស់នៅត្រូវមានអនាម័យបីប្រការ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣០០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ មានឃុំស្រើង១០០គ្រួសារ ឃុំសំបូរ១០០គ្រួសារ និងឃុំតាំងក្រសៅ១០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹកសុទ្ធផងដែរ៕