(សូម៉ាលី)៖ ពួកសកម្មប្រយុទ្ធ អាល់ សាបាអាប់ នៅក្នុងប្រទេសសូម៉ាលី បានចេញមុខទទួលខុសត្រូវ ភ្លាមៗក្រោយការវាយប្រហារទៅលើមូលដ្ឋានទ័ព របស់អេច្យូពី នៅលើទឹកដីសូម៉ាលី ដែលបាន បណ្តាលឲ្យទាហានអេត្យូពី ៤៣នាក់ស្លាប់ និងរបួសជាច្រើននាក់ទៀត។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦។
តាមការដកស្រង់សម្តីប្រជាពលរដ្ឋ ដែលនៅក្បែរក្រុង Halgan ភាគកណ្តាលប្រទេសសូម៉ាលី ដែលមានមូលដ្ឋានទ័ពរបស់អេត្យូពីតាំងនៅនោះបានឲ្យដឹងថា គេបានលឺសំឡេងផ្ទុះយ៉ាងកក្រើក និង មានការបាញ់ប្រហារគ្នាដោយកាំភ្លើង នាអំឡុងពេលទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ។ ការវាយប្រហារគ្នា យ៉ាងហោចណាស់ក៏បានអូសបន្លាយ រយៈពេលជាងមួយម៉ោងដែរ។
សម្រាប់ព័ត៌មាននេះ គ្រាន់តែជាការអះអាងរបស់ក្រុមសកម្មប្រយុទ្ធ អាល់ សាបាអាប់ ប៉ុណ្ណោះ។ យ៉ាងណាមិញខាងកងទ័ព អេច្យូពី ដែលស្ថិតក្រោមទង់នៃកងកម្លាំងសហគមន៍អាហ្វ្រិក AMISON មិនទាន់បានចេញសេចក្តីថ្លែងការណ៍នៅឡើយទេពីរឿងនេះ។ គួរបញ្ជាក់ថាកងទ័ពសហគមន៍ អាហ្វ្រិក បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងបណ្តាញក្រុមអាល់កៃដា នៅស៊ូម៉ាលី ដើម្បីត្រួសត្រាយផ្លូវឲ្យ រដ្ឋាភិបាលនិរទេសគាំទ្រដោយលោកខាងលិច ឡើងកាន់អំណាចវិញ៕