(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ អនុប្រធានស.ស.យ.ក. សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក បានអញ្ជើញចូលរួមក្នុងកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» នៅសាលាធម្មសភា វត្តបទមវតី នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ដើម្បីរលឹកគម្រប់ខួប១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ព្រះបរមរតនកោដ្ឋ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួម/និមន្តពីសំណាក់សម្តេចសង្គ ព្រះសង្ឃ តាជី និងយាយជី យុវជន ស.ស.យ.ក. តាមវិស័យ ពុទ្ធបរិស័ទ ចំនួន៥០០អង្គ/នាក់។

កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ត្រូវបានរៀបចំឡើង ដើម្បីចូលរួមរលឹកគម្រប់ខួប ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ រលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា និងបង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្ដាំដ៏ថ្លៃថ្លា និងពោលពេញដោយ អត្ថន័យទូន្មានដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះរាជឱង្ការរបស់ ព្រះករុណាជាម្ចាស់ផងដែរ។

ជាមួយនឹងរាជរដ្ឋាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជាតែងតែចូលរួមសហការ គាំទ្រ ក្នុងការរៀបចំកម្មវិធីនានា ជាពិសេសពិធីសាសនាដែលជាការរលឹកពីវីរភាពគំរូរបស់ ព្រះបរមរតនកោដ្ឋ ព្រមទាំងការសម្ដែងនូវមនោសញ្ចេតនាកតញូកតវេទីប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីនឹករលឹករបស់យុវជនកម្ពុជា៕