(ព្រះសីហនុ)៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងកំសាន្តមានការកើនឡើងច្រើនគួរកត់សម្គាល់នៅចុងសប្តាហ៍នេះ បើធៀបទៅនឹងសប្តាហ៍មុនៗ និងពីពេលដែលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនទាន់បើកឲ្យដំណើរការ។

យោងតាមរបាយការណ៍របស់អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា នាចុងសប្ដាហ៍នេះមានភ្ញៀប្រមាណជាង ១២៥០០០នាក់ បានចូលមកលេងកម្សាន្ត។ ជាក់ស្តែងចាប់តាំងពីពេលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុមក ឃើញថា មានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីតាមបណ្តាខេត្តនានា ឆ្ពោះមកកាន់ខេត្តព្រះសីហនុ មានការកើនឡើងយ៉ាងច្រើនផងដែរ។

ក្នុងនោះផងដែរទាក់ទងទៅនឹងសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ពុំមានការកកស្ទះដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋនោះទេ។

លោក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កងកម្លាំងចម្រុះនគរបាលខេត្ត បានចុះជួយសម្រួលចរាចរណ៍ នៅតាមបណ្តាផ្លូវក្បែរឆ្នេរ ក្នុងពេលដែលវត្តមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់មកលេងកម្សាន្ត ដោយមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុជាប្រធាន និងមានបទបញ្ជាររបស់ផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុផងដែរ។

លោកនាយការិយាល័យចរាចរណ៍ បានអំពាវនាវឲ្យអ្នកបើកបរយានយន្ត គោរពការបញ្ជាចរាចរណ៍គ្រប់ៗគ្នា ដើម្បីជៀសវាងពីការកកស្ទះ និងគ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ៕