(មណ្ឌលគិរី)៖ កាលពីពេលថ្មីៗនេះបន្ទាប់ពីបានឃើញកម្មវិធី ប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Kid Cambodia រដូវការទី៣ ដោយក្នុងនោះមានកុមារីម្នាក់ ឈ្មោះ ថា ស្រីណុច អាយុ១៣ឆ្នាំ មកពីភូមិរយ៉ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានចូលរួមប្រឡងក្នុងវិធីនោះត្រឹមវគ្គ The Voice Blind Auditions (វគ្គគោះប៊ូតុង)។ ដោយបានដឹងពីភាពក្រលំបាកក្នុងជីវភាព របស់កុមារីស្រីណុច សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២២ បានចាត់ឱ្យឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រប់គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តមឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី នាំយកជាគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនជូនដល់គ្រួសារស្រីណុច។

ក្នុងឱកាសអញ្ជើញនាំយកអំណោយទៅប្រគល់ដល់គ្រួសារ ស្រីណុច ឯកឧត្តម អ៊ុយ សំអាត បានពំានាំនូវសារផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រុមគ្រួសារកុមារី ស្រីណុច ដោយក្តីអាណិតអាសូរជាពន់ពេក។ ឯកឧត្តមឱ្យដឹងទៀតថា អ្វីដែលពិសេសនោះគឺ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត សូមកោតសសើរនៅភាពក្លាហានរបស់ស្រីណុច និងការព្យាយាមតស៊ូរ ក្នុងការសិក្សារៀនសូត្រ រហូតមានសមត្ថភាពអាចចូលរួម ប្រគួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia។ ទោះបីគ្រួសារមានភាពក្រលំបាក រកព្រឹកខ្វះល្ងាច ដើររកត្រី ស៊ីឈ្នួលរើសគ្រាប់ស្វាយចន្ទី លាងចានតាមភោជនីដ្ឋាន និងបោគខោអាវឱ្យគេក្តី តែកុមារីរូបនេះនៅតែព្យាយាមពុះពារគ្រប់ឧបសគ្គ ដើម្បីក្តីស្រម៉ៃរបស់ខ្លួនស្របពេល ដែលក្រុមគ្រួសារកំពុងជួបការលំបាក។

បន្ទាប់ពីបានទទួលយកនូវអំណោយដ៏សប្បុរសធម៌នេះ កុមារីស្រីណុច និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន។ ដោយមិនស្មានថាមាតាមនុស្សធម៌ នៃកម្ពុជាបានគិតគូរដល់ក្រុមគ្រួសាររបស់នាង ស្របពេលដែលឪពុកម្តាយក៏កំពុងមានជម្ងឺប្រចាំកាយទៀត។

សូមជម្រាបថាអំណោយដែលប្រគល់ជូនគ្រួសារកុមារី ថា ស្រីណុច នាពេលនេះរួមមានៈ អង្ករ ១០០ គីឡូក្រាម មី២កេះ ឃីត២ញ្ជប់ មាន សារ៉ុង ក្រមា ម៉ុង ភួយ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ២យួរ និងថវិការមួយចំនួនទៀតផងដែរ៕