(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួមជាមួយរាជរដ្ឋាភិបាល រលឹកពីគំរូវីរភាព ព្រមទាំងការសម្ដែងនូវមនោសញ្ចេតនាកតញូកតវេទីប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីនឹករលឹកសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបានជាមួយនឹង សេចក្ដីអំណរព្រះរាជគុណជាអនេកប្បការគ្មានថ្ងៃបំភ្លេចបាន និងបានរៀបចំកម្មវិធី សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានយាងសោយទិវង្គត អស់កាល១០ឆ្នាំកន្លងមក។

កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅ នៅសាលាធម្មសភា វត្តបទុមវតីរាជវរារាម ឬ វត្តបទុមវតី វេលាម៉ោង ៥រសៀល ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមាន ការចូលរួមសហការពីក្រសួងព្រះបរមរាជវាំង, ក្រសួងព័ត៌មាន, រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្ដរជាតិ បន្ទាប់ពីទទួលបានការសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការគាំទ្រ និងព្រះបរមរាជានុញ្ញាតពី ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈព្រះរាជសវនាការកាលពីថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២ នៅក្នុងព្រះបរមរាជវាំង។

កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ចូលរួមរលឹកគម្រប់ខួប ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ (២) បង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្ដាំដ៏ថ្លៃថ្លា និងពោលពេញដោយ អត្ថន័យទូន្មានដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានធ្លាក់លើផ្ទាំងសិលានៅសួនច្បារ ព្រះរាជបណ្ដាំ និង (៣)រលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីនឹករលឹកសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបានជាមួយនឹងសេចក្ដីអំណរព្រះរាជគុណជាអនេកអន័គ្ឃគ្មានថ្ងៃបំភ្លេចបាន។

គួរបញ្ជាក់ថា កម្មវិធីនេះគ្រោងត្រូវបានរៀបចំឡើងនាល្ងាចថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០នាទី នៅទីធ្លាសួនច្បារខាងមុខមហាប្រាសាទចន្ទច្ឆាយា ប៉ុន្តែដោយបានយល់ឃើញពីស្ថានភាពអាកាសធាតុដែលជាប្រធានស័ក្តិដែលអាចបង្កហានិភ័យខ្ពស់ដល់ដំណើរការនៃការត្រៀមរៀបចំកម្មវិធីដ៏វិសេសវិសាល ខាងលើ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានស្នើសុំកែសម្រួលគម្រោងនៃការរៀបចំកម្មវិធីទៅ រៀបចំនៅសាលាធម្មសភា វត្តបទុមវតីរាជវរារាម ឬ វត្តបទុមវតី វិញ ដោយរក្សាពេលវេលានៅដដែល និងដែលមានការយាង និងនិមន្តព្រះសង្ឃ និងអញ្ជើញ ពុទ្ធបរិស័ទចូលរួមចំនួន ៥០០ អង្គ/នាក់ ដែលរួមមានសម្តេចសង្ឃ និងព្រះសង្ឃចំនួន ១០០អង្គ ក្នុងនោះមានគណៈធម្មយុត្តិកនិកាយ ចំនួន ៥០អង្គ និងគណៈមហានិកាយ ចំនួន ៥០អង្គ។ បន្ថែមពីនេះទៀតមាន តាជី និងយាយជី ចំនួន ១០០នាក់ គណៈកម្មាធិការអចិន្រ្តៃយ៍ស.ស.យ.ក. និងយុវជន ស.ស.យ.ក. តាមវិស័យ ចំនួន ២០០ នាក់ ព្រមទាំងពុទ្ធបរិស័ទ ចំនួន ១៥០ នាក់។

សូមរំលឹកជូនផងដែរថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ បានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»។

គិតមកដល់ឆ្នាំនេះ គឺជាខួប១០០ព្រះវស្សានៃទិវាយាងប្រសូតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ផងដែរ៕