(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រចាំការល្បាតត្រួតពិនិត្យលើផ្លូវល្បឿនលឿន បានអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយបន្ទាន់៣ករណី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ពេលកំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន។

លោកវរសេនីយ៍ឯក វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលដឹកនាំកម្លាំងប្រចាំការលើផ្លូវល្បឿនលឿននេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ៣ករណីនេះមានបញ្ហាម៉ាស៉ីន និងធ្លាយកង់រថយន្ដ។

លោកវរសេនីយ៍ឯក វ៉ាន់ ហាវ៉ារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនទាំងអស់ សូមមេត្ដាកុំឈប់សម្រាក ឬឈប់លេងដើម្បីថតរូបនៅតាមផ្លូវឲ្យសោះ ព្រោះខ្លាចមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ លោកស្នើឲ្យពលរដ្ឋទៅរកកន្លែងចត តាមស្ថានីយ៍សម្រាក (Rest Area) សូមកុំឲ្យចតនៅគន្លងអាសន្នឲ្យសោះ បើសិនជាយានយន្តរបស់គាត់គ្មានបញ្ហានោះ។

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ភ្នំពេញ-ព្រះសីហនុ បន្ដប្រុងប្រយ័ត្នជាប់ជានិច្ចនៅពេលធ្វើដំណើរ ហើយជៀសវាងឲ្យបាននូវការប្រើប្រាស់ល្បឿនលើសកំណត់៕