(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រី កងកម្លាំងប្រដាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចុះសំណេះសំណាល លើកទឹកចិត្ត និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់ក្រុមកីឡាករចំណុះទូក «ង» ចំនួន២១ ដែលបាននឹងកំពុងហ្វឹកហាត់ត្រៀមប្រណាំងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនាពេលមុខ ដើម្បីបង្ហាញថ្វីដៃដល់ភ្ញៀវទេសចរ។ ពិធីសំណេះសំណាល និងលើកទឹកចិត្តខាងលើ បានធ្វើឡើងនៅសាលាខេត្តកំពត។
ក្នុងឱកាសសំណេះសំណាលនោះ លោកអភិបាលខេត្ត បានលើកឡើងថា កម្មវិធីប្រណាំងទូកដើរតួសំខាន់ណាស់ ក្នុងការធ្វើឲ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយភាពអធឹកអធម និងសប្បាយរីករាយ។
លោកអភិបាលខេត្ត ក៏បានស្នើឱ្យក្រុមកីឡាករ ត្រូវខិតខំហ្វឹកហាត់ ដើម្បីបង្ហាញថ្វីដៃថា ជូនដល់ភ្ញៀវទេសចរទស្សនាផង និងដណ្តើមយកពានជើងឯកប្រចាំខេត្តសម្រាប់ចូលរួមក្នុងការប្រកួតផ្សេងៗផង។
លោកបណ្ឌិត ម៉ៅ ធនិន បានបន្តថា រដ្ឋបាលខេត្តនឹងប្រារពពិធីបុណ្យុអុំទុក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីនោះនឹងរៀបចំកម្មវិធីប្រណាំងទូក «ង» ខ្នាតប្រពៃណី ការប្រកួតនិងបង្ហាញក្បាច់កុនល្បុក្កតោ ការប្រគំតន្ត្រី ការសម្តែងរបាំបុរាណ និងសម័យ ការពិព័រណ៍ផលិតផល ភូមិ១ ផលិតផល១ បង្ហាញអំពីសក្តានុពលខេត្តកំពត ការបាញ់កាំជ្រូច បង្ហោះគោម និងបណ្តែតប្រទីប និងកម្មវិធីសប្បាយៗជាច្រើនទៀត។ ហើយរដ្ឋបាលខេត្ត ក៏បានត្រៀមអំបុក ចេកទុំ និងដូងរាប់តោន ដើម្បីទុកទទួលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលអញ្ជើញមកចូលរួម និងដើរកម្សាន្តនៅខេត្តកំពតផងដែរ។
ទន្ទឹមនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការប្រណាំងទុក «ង» នេះគឺជាផ្នែកមួយសំខាន់ណាស់ ក្នុងការទាក់ទាញភ្ញៀវ ដូច្នេះក្រុមកីឡាករទូក «ង» ទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានល្អ ដើម្បីបង្ហាញថ្វីដៃនៅថ្ងៃទី៦-៨ ខែវិច្ឆិកា ខាងមុខនេះ។
សម្រាប់គ្រឿងឧបភោគបរិភោគជូនក្រុមកីឡាករ នៅក្នុងអំឡុងពេលហ្វឹកហាត់ ចាប់ពីថ្ងៃទី១៥ ខែតុលានេះទៅ រួមមាន៖ ក្នុង១ក្រុម ទទួលបានអង្ករ ១តោន ៥០០គីឡូក្រាម, ទឹកត្រី៣០ យួរ, ត្រីខ ៣កេស, ទឹកសុទ១០យួរ និង ទឹកក្រូច១០កេស៕