(កំពង់ធំ)៖ លោក ខាន់ ខុន អនុខារដ្ឋធិការក្រសួងធម្មការ និងសាសនា និងជាសមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ បានសហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀល អ៉ីស្ទេត ផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះជនចាស់ជរា និងជនពិការចំនួន ៥០គ្រួសារ នៅភូមិពោធិបាក់ក សង្កាត់ដំរីជាន់ខ្លា ក្នុងក្រុងស្ទឹងសែន រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។
លោក ខាន់ ខុន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះដោយបាន ចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៊ីម៉ារៀល អ៉ីស្ទេត និងការរួមសហការរបស់គ្រិស្តបរិស័ ក្នុងប្រទេស និងក្រៅប្រទេស បានបរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកា តាមរយៈលោកផ្ទាល់ក្នុងការចុះជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជាទៅតាមលទ្ធភាពដែលមានចូលរួមជួយដល់រាជរដ្ឋាភិបាល ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះដែរ លោក ខាន់ ខុន ក៏បានជំរុញដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ ពិសេសបរិភោគ អាហារដែលចម្អិនបានឆ្អិនល្អ និងចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឱ្យបាន «៣ការពារ និង៣កុំ» តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។
លោកក៏បានណែនាំដល់ប្រជាពលរដ្ឋសូមបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ មនុស្សចាស់និងជនងាយរងគ្រោះឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម និងសូមជូនពរពុកម៉ែបងប្អូនថែរក្សាសុខភាព បើមានអ្វីកើតឡើងជាយថាហេតុសូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំងឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ក្នុង១គ្រួសារដែលទទួលបាន៥០គ្រួសារ ទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវផងដែរ៕