(ភ្នំពេញ)៖ បេក្ខជននាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់ទស្សនទានថា ធ្វើជាមេដឹកនាំត្រូវហ៊ានអារកាត់ ដើម្បីដោះស្រាយបញ្ហាធំ ប៉ុន្តែការអារកាត់នោះត្រូវឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។

ដើម្បីគាំទ្រដល់ទស្សនទានខាងលើនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកយកការអនុវត្តន៍របស់នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មកធ្វើជាឧទាហរណ៍។

អនាគតមេដឹកនាំកម្ពុជា ដែលមានចំណេះទាំងផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា ការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មិនមានអ្នកពេញចិត្តទាំងអស់នោះទេ។ ក្នុងនោះអ្នកខ្លះ គេបានលើកហេតុផលឱ្យវាយកម្ទេចខ្មែរក្រហម ដោយមិនចាំបាច់ចរចានោះឡើយ។

ត្រង់ចំណុចនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចថា ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ បានប្រកាន់ជំហរច្បាស់លាស់ ដឹងថាត្រូវលះបង់ផលប្រយោជន៍ខ្លះឱ្យខ្មែរក្រហម ប៉ុន្តែមិនមានការខាតបង់នោះឡើយ។

លោកបណ្ឌិត បានគូសរំលេចដូច្នេះ «សម្តេចតេជោ ប្រកាន់ជំហរច្បាស់ថា ពិតណាស់យើងត្រូវលះបង់ផលប្រយោជន៍មួយចំនួន ដើម្បីឱ្យទៅខ្មែរក្រហម។ ទឹកដីមួយចំនួនដែលគាត់ធ្លាប់គ្រប់គ្រងឱ្យគាត់បន្តគ្រប់គ្រងទៀតចុះ កងពលមួយចំនួនដែលគាត់គ្រប់គ្រង មេទ័ពឱ្យគាត់បំពាក់ចុះ។ វាអត់ខាតទេរបស់ខ្មែរយើងតើ តែបើយើងលើកទ័ពទៅកម្ទេចគាត់ ខ្មែរកម្ទេចខ្មែរពេលណាបានចប់?»

លោកបន្ថែមថា «ពេលខ្លះត្រូវអារកាត់ តែត្រូវយកអ្វីជាធំ? យកជាតិ និងប្រជាពលរដ្ឋជាធំ។ អ៊ីចឹងអ្នកមិនសប្បាយចិត្តនឹងនយោបាយឈ្នះ-ឈ្នះ គាត់រិះគន់យ៉ាងម៉េច ក៏រិះគន់ទៅ ប៉ុន្តែទីបំផុតផលបានទាំងអស់គ្នា យើងសុខសប្បាយ។ ៥០០ឆ្នាំ នៃការបែកបាក់ទឹកដី និងសង្គ្រាមត្រូវបានបញ្ចប់ នឹងហើយគឺជាការអារកាត់ប្រកបដោយធម៌យកប្រជាពលរដ្ឋជាគោល»

សូមបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ដាក់ចេញនៅចុងឆ្នាំ១៩៩៦ បន្ទាប់ពីសម្តេចបានមើលឃើញថា មានតែនយោបាយផ្សះផ្សារតែមួយប៉ុណ្ណោះ ដើម្បីឈានទៅបញ្ចប់សង្គ្រាមទាំងស្រុងជាមួយកម្លាំងខ្មែរក្រហម ដែលបន្តតស៊ូក្នុងព្រៃតាមជាយដែនថៃ។

ក្រោមគោលការណ៍ចំនួន៣រួមមាន៖ ធានាអាយុជីវិត, រក្សាតួនាភារកិច្ច និងមុខរបរ និងធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ បានធ្វើឱ្យមេដឹកនាំខ្មែរក្រហម និងកងទ័ពខ្មែរក្រហមស្ម័គ្ររួមរស់ជាមួយរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានកំណត់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាពេលវេលាអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ហើយក៏ជាពេលវេលានៃការបិទបញ្ចប់ទំព័រប្រវត្តិសាស្ត្រនៃការបែកបាក់ជាតិ ក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រខ្មែរ។

ការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងក្រោមនយោបាយឈ្នះ-ឈ្នះ រយៈពេលប្រមាណជា ២៤ឆ្នាំមកនេះ បានធ្វើឱ្យកម្ពុជារស់នៅសុខសន្តិភាព នាំមកនូវវឌ្ឍនភាព និងវិបុលភាពដ៏ត្រជះត្រចង់សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល៕