(កណ្តាល)៖ មាតាមនុស្សធម៌របស់កម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាថ្នាក់ដឹកនាំពោរពេញដោយមេត្តាធម៌ និងការគិតគូរគ្រប់ជ្រុងជ្រោយបំផុត។ ក្នុងហេតុការណ៍លិចទូកនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែគិតលើគ្រួសារជនរងគ្រោះនោះទេ តែក៏បានគិតគូរដល់កិច្ចប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ច ធ្វើប្រតិបត្តិការនៅកន្លែងកើតហេតុផងដែរ។

នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់តាំងលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ព្រមទាំងសហការី នាំយកផ្លែឈើ និងភេសជ្ជៈជាច្រើនយកទៅចែកជូនដល់កងកម្លាំង បន្ទាប់ពីប្រតិបត្តិការរុករកសពត្រូវបានបិទបញ្ចប់។

ក្នុងហេតុការណ៍រុករកសពជនរងគ្រោះដោយសារការលិចទូកនេះ មានកងកម្លាំងជាច្រើនផ្នែកបានចូលរួមធ្វើប្រតិបត្តិការរុករក និងអន្តរាគមន៍សម្របសម្រួលលើការងារផ្សេងៗ។​ កងកម្លាំងដែលបានចូលរួមប្រតិបត្តិការ និងអន្តរាគមន៍នេះ រួមមានកម្លាំងទ័ពពិសេស៩១១ កម្លាំងរបស់ស៊ីម៉ាក់​ នគរបាល កងរាជអាវុធហត្ថ និងយោធាខេត្តសរុបជាង ៣០០នាក់។

រយៈពេលប្រមាណ២យប់មួយថ្ងៃ ទាំងកម្លាំងដែលមានតួនាទីប្រតិបត្តិការរុករក និងកម្លាំងគាំទ្រអន្តរាគមន៍លើការងារផ្សេងៗ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ និងយកចិត្តទុកដាក់ខ្ពស់ជាទីបំផុតទាំងយប់ទាំងថ្ងៃ ដោយមិនបានត្អូញត្អែរពីការនឿយហត់អ្វីនោះឡើយ។

នៅចំពោះកងកម្លាំងទាំងអស់ លោកស្រី ម៉ែន នារីសោភ័គ បាននាំយកនូវប្រសាសន៍ថ្លែងអំណរគុណ និងសរសើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងប្រតិបត្តិការជួយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

លោកស្រី ម៉ែន នារីសោភ័គ បានប្រាប់ទៅកងកម្លាំងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតាមដានជាប់ប្រចាំនូវព្រឹត្តិការណ៍ដ៏សង្វេគនេះ ហើយក៏បានឃើញពីការ ប្រឹងប្រែង និងខិតខំមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃរបស់កងកម្លាំងទាំងការ រុករកសពជនរងគ្រោះ និងជួយអន្តរាគមន៍សម្រាលការលំបាករបស់ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញការពេញចិត្តខ្លាំងចំពោះកាយវិការដ៏ល្អនេះ និងបានលើកទឹកចិត្តដល់កងកម្លាំងឱ្យបន្តស្មារតីនេះ ដើម្បីជាប្រយោជន៍សម្រាប់សង្គម ហើយក៏ទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីបានសំណេះសំណាល និងនាំយកនូវប្រសាសន៍ផ្តាំផ្ញើមួយចំនួនរបស់សម្តេចប្រធានកាកបាទក្រហមហើយនោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានរៀបចំប្រគល់ផ្លែឈើ និងភេសជ្ជៈជូនដល់កងកម្លាំងទាំងអស់។ ផ្លែឈើ និងទឹកភេសជ្ជៈប្រគល់ជូនកងកម្លាំងនោះ រួមមានផ្លែឈើ (ប៉ោម ត្រពាំងបាយជូ ក្រូចក្វិច) ចំនួន ៥០កេស ហើយភេសជ្ជៈចំនួន ៥០កេស។

បន្ទាប់ពីចែកហើយភ្លាម កងកម្លាំងទាំងអស់ក៏បាននាំគ្នាយកផ្លែឈើបរិភោគ ជាមួយស្នាមញញឹមពព្រាយ បង្ហាញនូវក្តីរីករាយពោរពេញដោយភាពកក់ក្តៅ បាត់អស់ការនឿយហត់ ព្រោះតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្ពស់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

បន្ទាប់ពីប្រគល់ផ្លែឈើ និងភេសជ្ជៈជូនដល់កងកម្លាំងហើយនោះ លោកស្រី ម៉ែន នារីសោភ័គ និងសហការី ក៏បន្តបេសកកម្មទី២ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឆ្លងទឹកយកអំណោយស្បៀងអាហារ និងថវិកា ជូនសិស្ស និងប្រជាពលរដ្ឋសរុប៦រូប ដែលបានរួចជីវិតពីគ្រោះលិចទូក នៅតាមខ្នងផ្ទះលើកោះចម្រើន។

លោកស្រី ម៉ែន នារីសោភ័គ បាននាំអំណោយដ៏សម្បុរសរបស់កាកបាទក្រហម កម្ពុជា តាមការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅជូនដល់ប្រជាពលរដ្ឋទាំង៦រូប នៅតាមខ្នងផ្ទះ។ លោកស្រី ក៏បាននាំយកប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តែងការរីករាយជាមួយចៅៗ ជាសិស្សានុសិស្ស ៤រូប និងប្រជាពលរដ្ឋ២រូបផ្សេងទៀត។

បើតាមលោកស្រី ម៉ែន នារីសោភ័គ បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកអ្នករួចជីវិតពីគ្រោះដ៏សង្វេគមួយនេះ សុទ្ធសឹងជាអ្នកមានបុណ្យវាសនាខ្ពស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើឱ្យចៅៗជាសិស្សទាំងអស់បន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសត្រូវប្រយ័ត្នពេលឆ្លងទៅសិក្សា ដោយពាក់អាវពោងជាប្រចាំពេលឆ្លងទឹក ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះបន្ត។

បន្ថែមពីលើនោះ ពេលធ្វើដំណើរលើផ្លូវគោកត្រូវគោរពច្បាប់ចរាចរណ៍ ធ្វើដំណើរដោយប្រុងប្រយ័ត្ន ដើម្បីចៀសផុតពីគ្រោះអកុសលលើដងវិថី។

គ្រួសាររបស់សិស្ស និងពលរដ្ឋរួចផុតជីវិតពីគ្រោះលិចទូកនេះ បានគោរពថ្លែអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌ ដែលតែងតែយកចិត្តទុកដាក់ខ្វាយខ្វល់ដល់ប្រជាពលរដ្ឋគ្រប់រូប រាល់ពេលមានទុក្ខលំបាក។ គ្រួសារសិស្ស និងពលរដ្ឋរួចផុតពីគ្រោះលិចទូកទាំង៦រូប បានគោរពជូនពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានសុខភាពល្អ កម្លាំងពលំមាំមួន បន្តដឹកនាំកាកបាទក្រហមកម្ពុជា និងផ្តល់នូវជំនួយសង្គ្រោះជួយដល់ពលរដ្ឋនៅពេលមានទុក្ខលំបាក។

សិស្ស និងពលរដ្ឋ ដែលទទួលបានអំណោយពីកាកបាទក្រហមនេះរួមមាន៖ កុមារី វី ចាន់បូរ៉ា, កុមារី ហឿង កេសម៉ារីណា, កុមារា ហេង ហ៊ុយ, កុមារា សូត្ររក្សា, លោក ឡាយ ភាព អាយុ ២៨ឆ្នាំ និងលោក លឿន ប្រុស អាយុ ៥២ឆ្នាំ។

អំណោយដែលកាកបាទក្រហមកម្ពុជា​ បានឧបត្ថម្ភដល់អ្នករួចជីវិតទាំង៦រូបនេះរួមមាន៖​ អង្ករ​ ៥០គីឡូក្រាម,​ មី​ ១កេស,​ ត្រីខ​ ១០កំប៉ុង​ និងថវិកា​ ២លានរៀល។ ​បន្ថែមពីនេះ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល​ បានឧបត្ថម្ភថវិកាបន្ថែម​ ក្នុងម្នាក់ៗ​ ចំនួន​ ១លានរៀលបន្ថែមទៀត។

សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសិស្សដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏សង្វេគនេះទាំង១១គ្រួសារផងដែរ។ ជាមួយការចូលរួមរំលែកមរណទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគ្រឿងឧបភោគ បរិភោគ​ និងបច្ច័យសម្រាប់ចូលបុណ្យសពកុមារទាំង១១​រូបផងដែរ​ ដោយ​គ្រួសារនីមួយៗទទួលបាន​៖​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ៥កេស,​ ត្រីខ​ ៥០កំប៉ុង​,​ ទឹកក្រូច​ ៥កេស​ និងថវិកា​ ៥លានរៀល​។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហម និងលោកស្រី ម៉ែន នារីសោភ័គ បានអញ្ជើញជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកដោយផ្ទាល់ជាមួយក្រុមគ្រួសារ នៅក្នុងវត្តកំពង់ភ្នំ ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីយប់ថ្ងៃទី១៤ ខែតុលា៕