(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និងលោកជំទាវ ចូលរួមបរិច្ចាគថវិកា២០ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

ការចូលរួមបរិច្ចាគថវិការបស់អ្នកឧកញ៉ា និងលោកជំទាវ ធ្វើឡើងតាមការអំពាវនាវរបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានបន្ទូល អំពាវនាវដល់អ្នកមានចិត្តបុណ្យទាំងឡាយ ចូលរួមថវិកាកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីចូលរួមចំណែកវិស័យអប់រំ និងជួយសមណនិស្សិត-និស្សិត គ្រប់រាជធានី-ខេត្ត បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយឥតបង់ថ្លៃរយៈពេល៤ឆ្នាំ។

ទន្ទឹមនឹងការអំពាវនាវតាមរយៈបណ្តាញព័ត៌មាន Fresh News សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក៏បានមានបន្ទូលថ្លែងអំណរគុណ ដល់អ្នកមានចិត្តបុណ្យទាំងឡាយ ដែលបានរួមចំណែកជួយកសាងសាកលវិទ្យាល័យមួយនេះ។

អ្នកមានចិត្តបុណ្យទាំងឡាយ សូមបរិច្ចាគតាមកម្លាំងសទ្ធាតាមរយៈ៖

* គណនី ABA 077 402 402 $
* គណនី ABA 086 402 402 ៛
* គណនី អេស៉ីលីដា 34830429999999 $
* គណនី អេស៉ីលីដា 34830429999998 ៛
* ឬទំនាក់ទំនងទូរសព្ទលេខ៖ 016 43 43 25 / 070 40 66 68/ 070 211 422 / 077 402 402
* ឬចូលទៅកាន់ហ្វេសប៊ុក៖ Preah Sihamoniraja Buddhist University Bachelor និង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព័ត៌មានថ្នាក់បរិញ្ញាបត្រ។

សូមជម្រាបថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលមានការឧត្ថម្ភគាំទ្រដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បិតាស្ថាបនិកសន្តិភាពកម្ពុជា៕