(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣៥៣គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ២៧៧គ្រឿង និងរថយន្ត ៧៦គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី១៥ ខែតុលា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១២៩,១៧០គ្រឿង ក្នុងនោះមានម៉ូតូ ១០៣,៥៩០គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៥,៥៨០គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា ស្រវឹង ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា អត់ប័ណ្ណបើកបរ ឆៀក ខ្សែក្រវ៉ាត់ អាជីវកម្ម ល្មើសល្បឿន និងអត់ស្លាកលេខជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៥លើក ក្នុងនោះស្លាប់ចំនួន ០១នាក់ របួសចំនួន ១០នាក់ (របួសធ្ងន់ ០៧នាក់)។ រយៈពេល២៨៨ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៣៨៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៣៨៨នាក់ របួស ៣,៣២៤នាក់ (របួសធ្ងន់ ២,០៩២នាក់)៕