(កណ្តាល)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០២២នេះ ទ្រង់យាងចូលរួមជាមួយប្រជារាស្ត្រ ពុទ្ធបរិស័ទ្ធ ក្នុងពិធីបុណ្យ រាប់បាត្រ ប្រគេនទេយ្យទាន ដល់ព្រះភិក្ខុសង្ឃ ដើម្បីឧទ្ទិសថ្វាយព្រះមហាកុសលដល់ព្រះដួងវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបគម្រប់១០ព្រះវស្សា នៃការយាងសោយព្រះទីវង្គត។
កម្មវិធីបុណ្យបានប្រារព្ធឡើងនៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ថ្ងៃទី១៥ ខែតុលា កាលពី១០ឆ្នាំមុន គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុតសម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការចូលមកគ្របដណ្តប់លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា៕