(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានរៀបចំ​ពិធីគោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម​ សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វររាជ្យបិតាឯករាជ្យជាតិ ​បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ គម្រប់​ខួប១០ឆ្នាំ ដោយរាប់បាតព្រះសង្ឃចំនួន១០០អង្គ នៅលើភ្នំប្រាសាទព្រះវិហារ។

ពិធីនេះមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរ ក្រុង ស្រុក និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងឱ្យដឹងថា៖ថ្ងៃនេះជាព្រឹត្តិការណ៍ថ្នាក់ជាតិមួយ ដែលរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី១៥ ខែតុលា ជារៀងរាល់ឆ្នាំ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីរំលឹកដល់គុណូបការៈរបស់ព្រះអង្គ ដែលមានគុណបំណាច់ដ៍ធំធេងដឹកនាំប្រទេសកម្ពុជា ចាប់តាំងពីការទាមទាឯករាជ្យក្នុងឆ្នាំ១៩៥៣ រហូតព្រះរាជាណាចក្រកម្ពុជាទី១-ទី២។

លោកអគ្គនាយបានថា ថ្ងៃនេះក្នុងនាមអាជ្ញាធរជាតិព្រះវិហារ ដែលទទួលបន្ទុកគ្រប់គ្រងអភិរ័ក្សប្រាសាទព្រះវិហារ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្រុមប្រឹក្សាខេត្តព្រះវិហារ និងកងកម្លាំងទាំងអស់ ដែលប្រចាំការនៅទិសប្រាសាទព្រះវិហារ ដើម្បីបង្ហាញពីភក្តីភាពនិងការគោរពចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ដែលបានទាមទាយកឯករាជ្យជូនកម្ពុជាមកវិញ ពិសេសចំពោះប្រាសាទព្រះវិហារជាស្នាព្រហស្ថរបស់ ព្រះករុណាមួយដែរ ដែលព្រះអង្គបានទាមទាយកមកវិញប្រាសាទព្រះវិហារ តាមរយះតុលាការយុត្តិធម៍អន្តរជាតិកាលពីឆ្នាំ១៩៦២កន្លងមក។

លោក គង់ ពុទ្ធិការ បានថ្លែងថា ពិធីគោរពព្រះវិញ្ញាណក្ខន្ធដែលយើងធ្វើនៅពេលនេះ គឺសំដែងនូវការគោរព សំដែងនូវការដឹងគុណ។ លោកថាការទាមទាប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ ជាមូលដ្ឋានដែល រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អាចចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅឆ្នាំ២០០៨កន្លងទៅ៕