(កំពង់ចាម)៖ ប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ មកសង្កាត់បឹងកុក វាលវង់ សំបួរមាស ក្នុងក្រុងកំពង់ចាម និងមួយចនួនទៀត មកពីស្រុកកំពង់សៀម ដែលពិធីនេះ ប្រព្រឹត្តទៅនៅវត្តខេមវ័នបឹងស្នាយ (ហៅវត្តថ្មី) ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ទទួលបានអំណោយពីសប្បុរសជន តាមរយៈសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម។

ពិធីនេះចែកអំណោយនេះបានធ្វើឡើងនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ ក្រោមវត្តមានលោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដេីម្បី សន្តិភាពនិងអភិវឌ្ឍន៍, លោកស្រី ញូង​ ចរិយា​ អ៊ុន​ ចាន់ដា​ ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងមានការអញ្ជេីញចូលរួមពី លោក លោកស្រី សមាជិកព្រឹទ្ធសភា​ និងសាខាសមាគមនារីខេត្ត ព្រមទាំង អាជ្ញាធរមូលដ្ឋាន ជាច្រើនរូបផងដែរ។

នាឱកាសនោះ លោកស្រី មាន សំអាន បានថ្លែងថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាក បងប្អូនបានមួយរយៈ។

លោកស្រី ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ទាំងអស់នេះ គឺជាការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំខេត្ត និងការទទួលខុសត្រូវសមាគមនារីកម្ពុជា ដែលមានលោកស្រី ជាប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ ពោលគឺ ទីណាមានទុក្ខលំបាក់ ទីនោះ គឺមានអាជ្ញាធរ ចាំជួយដោះស្រាយជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អំណោយចែកជូនដល់ប្រជាពលរដ្ឋ នៅពេលនោះ ក្នុងមួយគ្រួសារៗទទួលគ្រឿងឧបភោគ បរិភោគ និងថវិកា ៣ម៉ឺនរៀល។ ក្នុងឱកាសនោះដែរ លោកស្រី និងក្រុមការងារ បានប្រគេនបច្ច័យរបស់សាខា ជូនដល់ព្រះចៅអធិការវត្ត នូវថវិកាចំនួន ១,០០០,០០០រៀល៕