(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទូរស័ព្ទរាយការណ៍ទៅកាន់លេខ Hotline 117 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងករណីនគរបាលចរាចរណ៍ឃាត់មធ្យោបាយធ្វើដំណើររបស់ពួកគាត់ ដើម្បីធ្វើការផាកពិន័យដោយគ្មានមូលហេតុ នៅទូទាំងប្រទេស។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា នៅគ្រប់គោលដៅទាំងអស់ ក្នុងករណីបុគ្គលមន្ដ្រីនគរបាលចរាចរណ៍ណាប្រព្រឹត្តខុស ដោយឃាត់មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋដើម្បីផាកពិន័យ ដោយគ្មានមូលហេតុនោះ ពលរដ្ឋអាចទូរស័ព្ទទៅកាន់លេខ Hotline 117 ដើម្បីចាត់វិធានការ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងយ៉ាងដូច្នេះថា «យើងទទួលស្គាល់ថា បុគ្គលមន្ដ្រីនគរបាលគាត់មានភាពចន្លោះប្រហោង ពាក់ព័ន្ធវិន័យសីលធម៌ ហើយបើមានបញ្ហានោះយើងមានប្រព័ន្ធ 117 ទាន់ហេតុការណ៍។ ពលរដ្ឋគ្រាន់តែទូរស័ព្ទទៅហើយប្រាប់ថា ខ្ញុំនៅគោលដៅនេះ ឬគោលដៅនោះ ដោយប្រាប់ពីឈ្មោះរបស់មន្ដ្រី និងអត្ដលេខ គាត់បានឃាត់ផាកពិន័យដោយគ្មានមូលហេតុ យើងនឹងធ្វើការភ្លាម»។
អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានជំរុញបន្ថែមទៀត ប្រើប្រាស់នូវប្រព័ន្ធ Hotline 117 ដើម្បីសុំជំនួយអន្ដរាគមន៍ផ្សេងៗទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ដោយបម្រើជូនប្រជាពលរដ្ឋ២៤ម៉ោង លើ២៤ម៉ោង មិនគិតថ្ងៃឈប់សម្រាកនោះឡើយ។
គួរជម្រាបថា ក្នុងរយៈពេល៥ឆ្នាំមកនេះ មានមន្ដ្រីនគរបាលចំនួន ១,០៤៦នាក់ ត្រូវបានដាក់ពិន័យក្រោយប្រព្រឹត្តនូវកំហុសផ្សេងៗ។ ដោយឡែក ចំនួន៤០៦នាក់ផ្សេងទៀត ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ដោយសារកំហុសធ្ងន់ធ្ងរ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៕