(ភ្នំពេញ)៖ ភាពចង្អៀតណែនៅតាមបណ្ដាពន្ធនាគារ ក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាដែលអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បាននិងកំពុងតែបន្ដផ្ដោតការយកចិត្តទុកដាក់ និងដាក់ចេញវិធានការចំពោះមុខជាបន្ដបន្ទាប់ ដើម្បីដោះស្រាយរឿងនេះ។

លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា បញ្ហាចង្អៀនណែននេះ អគ្គនាយកដ្ឋានពន្ធនាគារបានដាក់ចេញយុទ្ធសាស្ដ្រជាបន្ដបន្ទាប់ ទាំងដំណាក់កាលខ្លី និងដំណាក់កាលវែង ខណៈបញ្ហានេះមិនមែនជារឿងដែលត្រូវមើលស្រាលនោះទេ។

បើតាមលោក នុត សវនា បញ្ហាចង្អៀតណែនក្នុងពន្ធនាគារមិនមែន ជាបញ្ហាមានតែនៅប្រទេសកម្ពុជាទេ។ បើយើងក្រឡេកមើលស្ថានភាពក្នុងពន្ធនាគារនៅក្នុងតំបន់វិញ អាត្រានៃភាពចង្អៀតណែនក្នុងពន្ធនាគារនៅប្រទេសថៃ ៣៣៩% ប្រទេសហ្វីលីពីន ៣៦២% ប្រទេសឥណ្ឌូនេស៊ី ២០៩%។

វិធានការដែលបានដាក់ចេញជាបន្ដបន្ទាប់នោះ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនត្រូវបានលោក នុត សវនា បញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារ បានពង្រីកលទ្ធភាពក្នុងការផ្ទុក តាមរយៈការសាងសង់អគារឃុំបន្ថែម, កែឆ្នៃអគារ, ផ្ទេរជនជាប់ឃុំពីពន្ធនាគារដែលមានអាត្រាចង្អៀតណែនខ្ពស់ ទៅពន្ធនាគារដែលមានអាត្រាចង្អៀតណែនទាប, ពង្រឹងកិច្ចសហការជាមួយស្ថាប័នតុលាការដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង។

លើសពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏ពង្រឹងចលនាប្រឡងប្រណាំងរបស់ទណ្ឌិតដើម្បីរួមចំណែកបង្កើនការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ចូលរួមអភិវឌ្ឍយន្តការដោះលែងក្រៅឃុំដោយមានលក្ខខណ្ឌ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ ក៏បានកត់សម្គាល់ឃើញថា យុទ្ធនាការកាត់បន្ថយការកកស្ទះសំណុំរឿងដែលបានដាក់ចេញដោយ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ កាលពីពេលកន្លងទៅ ក៏ជួយសម្រួលដល់ភាពចង្អៀតណែននេះផងដែរ ដោយក្នុងនោះបានបង្វែរមនុស្សប្រមាណជាង១ម៉ឺនាក់ ចេញពីការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ។

សូមជម្រាបថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ចំនួនអ្នកជាប់ឃុំនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រ មានសរុបចំនួន៣៨,០៤៩នាក់ ក្នុងនោះមានទណ្ឌិត ចំនួន១១,៣៥០នាក់, ពិរុទ្ធជន ចំនួន១៦,០០៦នាក់, អនុវត្តដីកាឲ្យដោះលែង ចំនួន១៣,៥២១នាក់ និងស្លាប់ចំនួន១៣៥នាក់៕