(ព្រះសីហនុ)៖ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១០ឆ្នាំ។ នៅវេទិកា ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត និងតាងនាមឱ្យមន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ និងប្រជាពលរដ្ឋ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប ១០ឆ្នាំ (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២-ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២) ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្តមវិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ទូលបង្គំចងចាំជានិច្ច ព្រះមហាករុណាទិគុណ និងគំរូវីរភាពរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។

សូមគោរពអញ្ជើញ ប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមអុចទៀនធូប គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅវេទិកា​ ៧ មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕