(ពោធិ៍សាត់)៖ រដ្ឋបាលសាលាខេត្តពោធិ៍សារត់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានរៀបចំ​ពិធីគោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម​ សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វរៈរាជ្យបិតាជាតិខ្មែរ ​គម្រប់​ខួប១០ឆ្នាំ នៅបុរីវប្បធម៌កោះសំពៅមាស ដែលស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ពិធីនេះបានធ្វើឡើងក្រោមការដឹកនាំដោយលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

ក្រោយពីសមាជិក សមាជិកា អង្គពិធីទាំង៨ផែន បានអញ្ជើញដាក់កូរោនគោរពព្រះវិញ្ញាណក្ខន្ធ និងព្រះសង្ឃចំនួន៧​អង្គ បង្សុកូលឧទ្ទិសថ្វាយព្រះរាជកុសលផលបុណ្យនោះរួចមក និងផ្អែកតាមសាលិខិតរបស់រដ្ឋបាលខេត្ត ដោយបានបញ្ជាក់ថា​ នេះគឺជាបុណ្យ​គម្រប់​​ខួប១០ឆ្នាំ ​ដែលទូលព្រះបង្គំយើងខ្ញុំ ជាកូនចៅ ចៅទួត ក្នុងជួរក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ព្រះសង្ឃ មន្រ្តីរាជការកងកម្លាំង​ប្រដាប់អាវុធទាំង៣ ​និង​ប្រជា​​ពលរដ្ឋគ្រប់សញ្ញាតិទូទាំងខេត្តពោធិ៍សាត់ ​សូមសម្តែងនូវសមាណទុក្ខ​យ៉ាង​ក្រៀម ក្រំក្រៃ​លែង​ រកទីបំផុតគ្មាន ​ចំពោះការយាង​ទីវង្គត របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះ​មហាវីរៈ ក្សត្រ​​ព្រះវរៈរាជ្យ បិតាឯករាជ្យបូរណៈភាព​ និង​ឯករាជ្យជាតិ​ខ្មែរ កាលពីថ្ងៃទី១៥ ខែតុលា ​ឆ្នាំ​២០១២ ​នៅមន្ទីរពេទ្យ​ទីក្រុង​បេកាំង ​​​នៃសាធា​រណរដ្ឋប្រជាមានិតចិន។

​ព្រះអង្គគឺជាព្រះមហាក្សត្រ​មួយព្រះអង្គ ប្រកបដោយទសពិតរាជធម៌ កម្ររកបានជាក្សត្រ​ មានបទ​ពិសោធន៍ជាចាស់ទុំ ក្នុង ចលនាបង្រួបបង្រួម និងផ្សះផ្សារជាតិ មហាសាមគ្គីភាពឯកភាព​ជាតិរឹងមាំ ជាអគ្គពុទ្ធសាសនូបត្ថម្ភ​ខ្មែរ និង​ជាព្រះរាជឧបត្ថម្ភបិតា នៃ ពុទ្ធសាសនិកពិភពលោក។

ការ​សោយ​ព្រះទីវង្គត​ គឺជាការបាត់បង់នូវព្រះមហាវីរៈក្សត្រដ៏ឆ្នើម​ ដែលព្រះ​អង្គបាន​បូជាព្រះកាយពលបញ្ញាញាណ​ ចំពោះជាតិមាតុភូមិ​ និង​​ប្រជាពលរដ្ឋខ្មែរ និងជា​ការបាត់បង់នូវកំពូលស្ថាបនិក​សន្តិភាព​ជាតិ ​អន្តរជាតិ ដោយព្រះអង្គជាក្សត្រ ដ៏មានប្រជាប្រិយ៍ភាពជាទីបំផុត។ នេះជាថ្ងៃចុងក្រោយត្រូវ​បែកឆ្ងាយពីព្រះ​ភក្រ្ត័ ​និងព្រះកាយ​ជារៀង​​រហូតពីព្រះអង្គ។ ទូលព្រះបង្គំយើងខ្ញុំ ជាកូន ជាចៅ ចៅទួត ​របស់​ព្រះអង្គ​ទូទាំងខេត្តពោធិ៍សាត់ សូមលើកអញ្ជលី​បូងសួង​សំបូង សំរូងដល់គុណកែវទាំងបី គឺព្រះពុទ្ធព្រះធម៌ ព្រះសង្ឃ​ និងបារមីព្រះ​មហាក្សត្រជំនាន់មុនៗ ​សូមជួយយិតយោង​ព្រះវិញ្ញាណក្ខន្ធ​សម្តេចតា សម្តេចតាទួតឱ្យបានទៅកាន់សុគតិភព ពោលគឺសួគ៍និព្វានកុំបីឃ្លៀងឃ្លាត​ឡើយ។

ទូលព្រះបង្គំ​យើងខ្ញុំ សូម​ថ្វាយព្រះរាជកុសល ដល់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី​ ព្រះមហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​និងសម្តេចមហាក្សត្រី នរោត្តម​មុនីនាថ សីហនុ ព្រះវរាជមាតាក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល សូមឱ្យព្រះអង្គទទួលបានសេចក្តីសុខចម្រើន ក្នុងព្រះរាជសម្បត្តិ មានព្រះសុខភាពជន្មាយុយឺនយូទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋខ្មែរតរៀងទៅ៕