(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារនាំយកស្រូវពូជប្រភេទ OM ៥៤៥១ ដែលមានអាយុកាល (៩០-៩៥ថ្ងៃ) ផ្តល់ជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចំនួន ៦០៦គ្រួសារ មកពី៧ឃុំ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ លោក ងួន រតនៈ ថាស្រូវពូជពេលនេះប្រមុខរាជរដ្ឋាភិបាលបានត្រៀមបម្រុងទុកសម្រាប់ស្តារឡើងវិញសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋនៅទីតាំងណាដែលមានការខូចខាតដំណាំស្រូវទាំងស្រុងនៅពេលទឹកស្រក់ទៅវិញហើយមានប្រភពទឹកអាចបង្ករបង្កើនផលឡើងវិញបាន ហើយចំពោះទីតាំងណាដែលមានការខូចខាតដំណាំស្រូវ ប៉ុន្តែ មិនមានប្រភពទឹកបង្កបង្កើនផលឡើងវិញ យើងនឹងធ្វើការចែកជូននូវពូជបន្លែជាច្រើនមុខផងដែរ។
អភិបាលខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់អំពីការគ្រប់គ្រងស្ថានភាពទឹកជំនន់ក៏ដូចជាការគ្រប់គ្រងស្ថានភាពការប៉ះពាល់ដល់ប្រជាពលរដ្ឋ បន្តចុះពិនិត្យទីតាំងណាដែលមានផលប៉ះពាល់ប្រជាពលរដ្ឋ ក៏ដូចជាការខូចខាតដំណាំស្រូវទាំងស្រង់ ដើម្បីកំណត់មុខសញ្ញាបន្តចែកជូនពូជស្រូវ ក៏ដូចជាពូជបន្លែ បន្ថែមទៀត។ សកម្មភាពទាំងនេះ បានបង្ហាញអំពីកាយវិការមនុស្សធម៌របស់ថ្នាក់ដឹកនាំ ដែលបានគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
លោកបន្តទៀតថា គ្រោះទឹកជំនន់នេះបានបង្កឱ្យមានការលិចផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព លិចផ្លូវ ពីបាកធ្វើដំណើរ និងការប្រកបមុខរបររកចំណូលប្រចាំថ្ងៃជាដើម។ លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត រួមជាមួយអាជ្ញាធរស្រុក មន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាអំពីទំហំផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមជួសជុលស្តារឡើងវិញបន្ទាប់ពីទឹកស្រកជាពិសេសអាជ្ញាធរត្រូវសហការគ្រប់អ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងប្រភពទឹកនិងបែងចែកឱ្យបានច្បាស់លាស់និងជៀសវាងនូវជំលោះផ្សេងៗ ជាពិសេសអាងទឹក៣០កញ្ញា ហើយប្រជាពលរដ្ឋដែលទទួលបានស្រូវពូជពីប្រមុខរាជនៅពេលនេះត្រូវយកទៅសាបព្រោះឱ្យបានត្រឹមត្រូវតាមបច្ចេកទេស មិនត្រូវយកពូជស្រូវនេះទៅប្រើប្រាស់ខុសគោលបំណងឡើយ (កិនហូប)។ ហើយកន្លងមកនៅក្នុងកំឡុងពេលនៃការរីករាលដាជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីជួយសម្រួលជីវភាពគ្រួសារក្រីក្រ ដែលទទួលរងផលប៉ះពាល់នៃជំងឺកូវីដ១៩។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តកំពង់ធំ អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់កាលៈទេសៈ។
លោក ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំ សង្កាត់ ចាប់ពីថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន រក្សាសន្តិភាពបន្តទៀត។
តាមការបញ្ជាក់របស់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឱ្យដឹងថា នៅអំឡុងពេលជំនន់ទឹកភ្លៀងកន្លងទៅនេះស្រុកស្ទោង មាន០៨ឃុំ លើ១៣ឃុំ ស្មើ៥២ភូមិ ក្នុងនោះមាន ឃុំទ្រា ឃុំបន្ទាយស្ទោង ឃុំព្រះដំរី ឃុំរុងរឿង ឃុំចំណាលើ ឃុំចំណាក្រោម ឃុំប្រឡាយ និងឃុំកំពង់ចិនជើង ធ្វើឱ្យលិចក្រោមផ្ទះប្រជាពលរដ្ឋ ៤,៦២៦ខ្នងផ្ទះ វត្ត០៩វត្ត សាលារៀន ២០សាលា មណ្ឌលសុខភាព ០២មណ្ឌល និងលិចផ្លូវ ៣៧ខ្សែក្នុងនោះ(ផ្លូវដីស ៤,០៧៩ម៉ែត្រ,ផ្លូវគ្រួសក្រហម ៣៣,៥១៨ម៉ែត្រ,ផ្លូវកៅស៊ូ ១,២០០ម៉ែត្រ ) ប៉ះពាល់ស្រូវរបស់បងប្អូនចំនួន ៣,៦៧៨ហិតា។
គួរបញ្ជាក់ថាប្រជាពលរដ្ឋចំនួន ៦០៦គ្រួសារ ក្នុងនោះ៥៨៩ ទទួលបានស្រូវពូជ៥០គីឡូក្រាម ១គ្រួសារ ដោយពួកគាត់មានផ្ទៃដី ១ហិកតា។ ចំណែក១៧គ្រួសារ ទទួលបានស្រូវពូជ ១០០គីឡូក្រាម ដោយពួកគាត់មានផ្ទៃដីលើសពី១ហិកតា៕