(ភ្នំពេញ)៖ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែ អន្តរជាតិភ្នំពេញ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរខណ្ឌ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យទំនិញជាម្ហូបអាហរ នៅតាមម៉ាត និងផ្សារច្បារអំពៅ ហាងលក់ភេសជ្ជៈមួយចំនួន ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ប៊ុន សុខូម៉ា អនុប្រធានសាខាបានបញ្ជាក់ថា ការចុះត្រួតពិនិត្យបានផ្តោតសំខាន់ ទៅលើផលិតផលម្ហូប អាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ ដើម្បីទប់ស្កាត់ការចរាចរជាយថាហេតុ នូវទំនិញម្ហូបអាហារមិនប្រក្រតី ដូចជាទំនិញខូចគុណភាព ផុតកំណត់រយៈពេលប្រើប្រាស់ ដែលអាជីវករកំពុងដាក់តាំងលក់ នៅតាមស្តង់លក់ទំនិញ។ ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានធ្វើការអប់រំ និងណែនាំដល់អាជីវករ ពីវិធីទុកដាក់ថែរក្សា ទំនិញឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវ ត្រូវកត់សំគាល់អំពីលក្ខណៈបច្ចេកទេសទំនិញ ដែលបញ្ជាក់អំពីកាលបរិច្ឆេទប្រើប្រាស់ សំបកវេចខ្ចប់ ប្រភពទំនិញ គឺជាបញ្ហាសំខាន់ដែលអាជីវករ ប្រជាពលរដ្ឋ គ្រប់រូបត្រូវតែ យល់ដឹងឲ្យបានច្បាស់ ក្នុងគោលបំណងលើកំពស់ការយល់ដឹង អំពីសុវត្ថិភាពម្ហូបអាហា ជាពិសេសទប់ ស្កាត់រំលោភលើកម្មសិទ្ធិបញ្ញា ការប្រើប្រាស់សារធាតុគីមី ហាមឃាត់ទៅក្នុងផលិតផលម្ហូបអាហារ ដើម្បីការពារ សុខុមាលភាពប្រជាពលរដ្ឋ។
លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឱ្យដឹងថាការ បានធ្វើការចុះត្រួតពិនិត្យជាប្រចាំ ទៅតាមការណែនាំពីអគ្គនាយកកាំកុងត្រូល ព្រមទាំងបានទិញយកគំរូផលិតផលម្ហូបអាហារ មិនទាន់កែច្នៃឬមិនទាន់ចំអិន រួមមាន៖ បន្លែ ផ្លែឈើ ផលិតផលគ្រឿងសមុទ្រទៅធ្វើការវិភាគ បញ្ជាក់នៅមន្ទីរ ពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បី រកសាធាតុហាមឃាត់ក្នុងផលិតផលទាំងនោះផងដែរ៕