(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចេញបទបញ្ជារយ៉ាងម៉ឹងម៉ាត់មួយដោយឱ្យលោកអភិបាលក្រុងកំពង់ឆ្នាំងថ្មី ត្រូវចាត់ការជាបន្ទាន់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីរក្សាឱ្យមានសណ្ដាប់ធ្នាប់ឡើងវិញ ក្នុងនោះលោកក៏បានបើកឱកាសដល់លោកអភិបាលក្រុង ត្រូវការសហការជាមួយកម្លាំងសមត្ថកិច្ចគ្រប់ជំនាញ បើមានការខ្វះខាតផ្នែកហិរញ្ញវត្ថុ សម្ភារ បច្ចេកទេស គឺលោកជាអ្នកជួយគាំទ្រក្នុងកិច្ចប្រតិបត្តិការដ៏ចាំបាច់មួយនេះ។
លោកអភិបាលខេត្ត បានឱ្យដឹងថា «ចំពោះការរៀបចំសណ្ដាប់ធ្នាប់ផ្សារលើ មិនមែនងាយស្រួលនោះទេ គឺពិតជាមានការប្រឈមនានា ពិសេសមានការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅដោយចៀសមិនផុតនោះឡើយ។ ប៉ុន្តែដំណាក់កាលនេះល្មមដល់ពេលដែលយើងទាំងអស់គ្នាត្រូវតែសហការ ដើម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់ឱ្យមានសណ្ដាប់ធ្នាប់ល្អ និងបរិស្ថានល្អឡើងវិញហើយ តែក៏ត្រូវតែមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច អ្នកសារព័ត៌មានប្រជាពលរដ្ឋ ពិសេសគឺអាជីវករលក់ដូរក្នុងផ្សារផងដែរ»។
លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការរៀបចំសណ្តាប់ធ្នាប់ផ្សារលើលើកនេះ សុំកុំឱ្យលោកអភិបាលក្រុង មានការរុញរា និងដកថយឱ្យសោះ គឺទិសដៅធ្វើយ៉ាងណាត្រូវតែសម្រេចឱ្យបានជោគជ័យសំដៅទៅលុបបំបាត់ឱ្យអស់នូវភាពអនាធិបតេយ្យក្នុងបរិវេណផ្សារលើ លោកសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំក្នុងខេត្ត ដែលមានអភិបាលរង ខេត្ត ក្រុមប្រឹក្សាខេត្ត និងជួយលើកទឹកចិត្ត ដើម្បីចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការនេះ ដើម្បីឱ្យទទួលបានជោគជ័យ។ ដោយឡែកពាក់ព័ន្ធនឹងសម្ភារ បច្ចេកទេស ហិរញ្ញវត្ថុផ្សេងៗ រដ្ឋបាលខេត្តជាអ្នកចំណាយ»។
លោកអភិបាលខេត្តកំពង់ឆ្នាំ បានបន្តថា ចំពោះសកម្មភាពនេះ គឺពុំមែនតែរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារតែប៉ុណ្ណោះនោះទេ គឺនៅតាមមន្ទីរជុំវិញអង្គភាព ក្នុងខេត្ត ក្រុង ត្រូវមានការចូលរួមសំអាតស្មៅប្រមូលសំរាម ដើម្បីធានានូវអនាម័យ និងបរិស្ថានល្អក្នុងខេត្តទាំងមូល ចំពោះការរៀបចំសណ្ដាប់ធ្នាប់ផ្សារលើ ក៏ត្រូវបន្តធ្វើនៅតាមបណ្ដាផ្សារ ទីប្រជុំជនផ្សេងៗ នៅតាមស្រុកនាពេលខាងមុខនេះផងដែរ៕